ព័ត៌មានអន្តរជាតិ May 26, 2022

បងប្អូនខ្មែរធ្វើការនៅថៃ សូមប្រយ័ត្ន ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំង និងបាតុភូតផ្គររន្ទះ អាចកើតមាននៅតំបន់ភាគច្រើនទូទាំងប្រទេសថៃ ចាប់ពីស្អែកទៅ

Khmerpress

នាយកដ្ឋានឧតុនិយមថៃ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ច្រើននិងខ្លាំង អាចនឹងមានឡើងនៅភាគឦសាន តំបន់កណ្តាល បូព៌ា និងភាគខាងត្បូង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងមកពីភាគនិរតី នៅសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងកាន់តែមានកម្លាំងខ្លាំងជាងមុន។ សមុទ្រ Andaman អាចនឹងមានរលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រ ដោយមានកម្ពស់ ២ ម៉ែត្រ នៅឈូងសមុទ្រខាងលើ និង ៣ ម៉ែត្រ នៅពេលដែលវាមានផ្គររន្ទះ។ បន្ថែមពីលើនេះ មានខ្យល់មូសុងមួយបានឆ្លងកាត់ទៅភាគខាងជើង ដែលធ្វើឱ្យមានសម្ពាធទាប នៅពេលដែលវាផ្លាស់ទីពីលើឈូងសមុទ្រតុងកឹង។

នាយកដ្ឋានបានណែនាំឱ្យប្រជាពលរដ្ឋ​ត្រូវ​រក្សា​ការប្រុង​ប្រយ័ត្ន ​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជំនន់​ទឹកភ្លៀង ​ដែល​អាច​បង្ក​ឱ្យ​មានគ្រោះ​ជំនន់​ និង​ទឹក​ជន់​។ ក្រសួង​បាន​ណែនាំ​ឱ្យមធ្យោបាយផ្លូវទឹក​ទាំងអស់ (នាវា) ​នៅ​ឈូងសមុទ្រ​ខាង​លើ និង​សមុទ្រ​ Andaman បន្ត​រក្សាការ​ប្រុង​ប្រយ័ត្ន និង​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ដែល​មាន​បាតុភូត​ផ្គរ​រន្ទះ ខណៈ​ទូក​តូចៗ​មិនគួរចេញដំណើរឡើយ។ ខាងក្រោមនេះគឺជាការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃពីថ្ងៃទី២៧-៣១ ខែឧសភា៖

-ភាគខាងជើង៖ ភ្លៀងផ្គររន្ទះ ពី ៤០ ទៅ ៦០% នៃផ្ទៃដី, សីតុណ្ហភាពអប្បបរមាពី ២៣-២៧ អង្សារសេ និង សីតុណ្ហភាពអតិបរមាពី ២៩-៣៧ អង្សារសេ។

-ភាគឦសាន៖ ភ្លៀងផ្គររន្ទះ ពី ៦០ ទៅ ៧០% នៃផ្ទៃដី ដោយមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២២-២៦ អង្សារសេ និង អតិបរមាពី ៣០-៣៤ អង្សារសេ។

-ភាគកណ្តាល៖ ភ្លៀងផ្គររន្ទះ ពី ៤០ ទៅ ៦០% នៃផ្ទៃដី ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងជាងគេ, សីតុណ្ហភាពអប្បបរមាពី ២២-២៦ អង្សារសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣៥ អង្សារសេ។

-ភាគខាងកើត៖ ភ្លៀងផ្គររន្ទះ ពី ៦០ ទៅ ៧០% នៃផ្ទៃដី ដោយមានភ្លៀងពីកម្រិតបង្គួរទៅខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២៣-២៨ អង្សារសេ, អតិបរមាពី ២៩-៣៤ អង្សារសេ, រលក​កម្ពស់​ប្រហែល ​២​ម៉ែត្រ និង​ខ្ពស់ជាង ​២​ម៉ែត្រ ពេល​មាន​ផ្គរ​រន្ទះ។

-ភាគខាងត្បូង (ឆ្នេរសមុទ្រខាងកើត)៖ ភ្លៀងផ្គររន្ទះ ពី ៤០-៦០% នៃផ្ទៃប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២៣-២៦ អង្សារសេ និង អតិបរមាពី ២៨-៣៥ អង្សារសេ, រលក​កម្ពស់ ១-២ ម៉ែត្រ និង​​ប្រហែល ២ ម៉ែត្រ នៅឆ្ងាយពីច្រាំង។

-ភាគខាងត្បូង (ឆ្នេរសមុទ្រខាងលិច)៖ ភ្លៀងផ្គររន្ទះ ពី ៦០ ទៅ ៧០% នៃផ្ទៃដី និងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២៣-២៨ អង្សារសេ និងអតិបរមាពី ៣០-៣៤ អង្សារសេ, រលក​កម្ពស់ ​២-៣​ម៉ែត្រ និង​កម្ពស់​ជាង​៣​ម៉ែត្រ ក្នុង​ពេល​មាន​ផ្គរ​រន្ទះ។

-ទីក្រុង​បាងកក និង​តំបន់​ជុំវិញ​៖ ភ្លៀងផ្គររន្ទះ ​ពី​ ៤០ ​ទៅ​ ៦០%​ ​នៃ​តំបន់ទាំងមូល ភាគច្រើន​ចាប់ពី​រសៀល​ដល់​ល្ងាច ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ២៤-២៨ អង្សារសេ និងអតិបរមាពី ៣១-៣៤ អង្សារសេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត