ទីក្រុងសៀងហៃ កំពុងឆ្ពោះចេញពីការបិទខ្ទប់កូវីដ១៩ ប៉ុន្តែសេដ្ឋកិច្ចចិន នៅតែជួបបញ្ហាប្រឈម
- BY
- Khmerpress
- May 26, 2022
(ប៉េកាំង)៖ ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីផែនការបន្ថែមទៀត ស្តីពីការបញ្ចប់វិធានការបិទខ្ទប់ ដើម្បីវិលទៅរកប្រក្រតីភាពឡើងវិញ ក្រោយពីបានរងគ្រោះ ដោយការរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែការស្ទុះងើបនៃសេដ្ឋកិច្ចទូទាំងប្រទេសចិន នឹងត្រូវចំណាយពេលច្រើនទៀត ហើយតម្រូវឲ្យមានការគាំទ្របន្ថែម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។
មន្រ្តីក្នុងទីក្រុងសៀងហៃ បាននិយាយថា សិស្សានុសិស្សនៅកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យ អាចចូលរៀនក្នុងសាលាឡើងវិញ ចាប់ពីថ្ងៃទី៦ ខែមិថុនា ខណៈដែលផ្សារទំនើប និងហាងទំនិញនានា នឹងត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញជាក្រុមៗ ចាប់ពីថ្ងៃទី១ ខែមិថុនា។ ទីក្រុងដែលមានសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសចិនមួយនេះ បានទទួលផលប៉ះពាល់ចំពោះសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែការបិទខ្ទប់ តាំងពីដើមខែមេសាកន្លងទៅ។ រីឯទីក្រុងផ្សេងទៀត រួមទាំងរដ្ឋធានីប៉េកាំង ទោះមិនបានស្ថិតក្រោម វិធានការបិទខ្ទប់ក៏ដោយ ក៏បានរងសម្ពាធសេដ្ឋកិច្ចផងដែរ ដោយសារតែវិធានការរឹតត្បិត COVID-19។
នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង (Li Keqiang) បាននិយាយថ្ងៃពុធសប្តាហ៍នេះថា ផលវិបាកសេដ្ឋកិច្ច នៅក្នុងទិដ្ឋភាពមួយចំនួន គឺធំជាងកាលពីឆ្នាំ២០២០ទៅទៀត នៅពេលដែលប្រទេសចិន បានរងគ្រោះ ដោយការផ្ទុះឡើងនៃជំងឺ COVID-19 ជាលើកដំបូង។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃពុធសប្តាហ៍នេះ ទីក្រុងសៀងហៃ ដែលមានប្រជាជន២៥លាននាក់ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ក្នុងស្រុកចំនួន៣៣៨នាក់ ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីពាក់កណ្តាលខែមីនា ហើយតួលេខឆ្លងនេះ បានធ្លាក់ចុះយ៉ាងខ្លាំង ពីចំនួនរាប់ម៉ឺននាក់ ដែលត្រូវបានកត់ត្រាក្នុងខែមេសា៕ ផ្តល់សិទ្ធិដោយ៖ freshnews
- Share This Post: