សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរ យកចិត្តទុកដាក់សម្រួលដល់ការឆ្វែលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផលជុំវិញបឹងទន្លេសាបយូរអង្វែងពិតប្រាកដ (Video inside)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យអភិបាលខេត្ត អភិបាលស្រុក និងមេឃុំនៅក្នុងខេត្តជាប់បឹងទន្លេសាប យកចិត្តទុកដាក់សម្រួលដល់ការឆ្វែលដីជូនពលរដ្ឋ ដែលរស់នៅ និងបង្កបង្កើនផល នៅលើដីជុំវិញបឹងទន្លេសាបយូរអង្វែងពិតប្រាកដ។
តាមរយៈសារសំឡេងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ការឆ្វែលដី ត្រូវធ្វើចំពោះពលរដ្ឋ ដែលអាស្រ័យផលនៅលើដីនោះចាប់ពី១០ឆ្នាំឡើង ឬតិចជាងនេះ ប្រសិនបើដីនោះ ដីនោះគោករាក់ ហើយធានាថានឹងមិនមានទឹកមកវិញ។
សម្តេចបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា លោកអភិបាលខេត្ត លោកអភិបាលស្រុក និងមេឃុំ ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន»។
សម្តេចបានបន្តថា សម្តេចគឺជាជានាយករដ្ឋមន្រ្តី ដែលជាអ្នកមានសិទ្ធិតែមួយគត់ ក្នុងការចុះហត្ថលេខាលើអនុក្រឹត្យ សម្រាប់ការផ្តល់ដីជូនប្រជាពលរដ្ឋ តាមសំណើរបស់អភិបាលខេត្ត ហើយមេឃុំត្រូវស្នើមកស្រុក ស្រុកត្រូវស្នើមកខេត្ត ហើយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រូវគ្រប់គ្រងលើការងារនេះជាមួយស្ថាប័នពាក់ព័ន្ធដទៃទៀត។
សម្តេចបន្តថា អាជ្ញាធរ ត្រូវធ្វើឱ្យប្រាកដថា ប្រជាជនទាំងនោះ គឺជាអ្នករស់នៅ និងអាស្រ័យផលនៅតំបន់នេះជាយូរមកហើយនោះ។ សម្តេចតេជោ ជំរុញឱ្យយកចិត្តទុកដាក់ក្នុងការឆ្វេលដី ដើម្បីឱ្យពលរដ្ឋអាចធ្វើកសិកម្មទាន់ពេលវេលា៕
ផ្តល់សិទ្ធិដោយ៖ Freshnews