ព័ត៌មានអន្តរជាតិ June 7, 2022

ភូកេត លុបចោលការបញ្ជាអោយដោះម៉ាសនៅទីសាធារណៈ ក្រោយអនុញ្ញាតបានត្រឹមតែ ១ថ្ងៃ

Khmerpress

ថៃ៖ កាលពីមុន ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេត បាន​ចេញ​សេចក្តី​ប្រកាស​មួយ​សុំ​ឲ្យ​ប្រជាជន​ដោះ​ម៉ាស់ ពេលនៅក្នុងបរិយាកាសបើកចំហដូចជា តាមឆ្នេរសមុទ្រ ឧទ្យាន ឬកន្លែងផ្សេងទៀតដែលមានខ្យល់ចេញចូលបានល្អ ប៉ុន្តែថ្មីៗនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេតបានចេញបទបញ្ជា លេខ ៣៧៩៣/២៥៦៥ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ភូកេត។

ក្នុងបទបញ្ជានោះចំណុចសំខាន់ គឺត្រូវលុបចោល «បទបញ្ជាខេត្តភូកេតលេខ ៣៦៦០/២៥៦៥» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល និង ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅភូកេត ហើយបញ្ជាអោយពាក់ម៉ាស ឬក្រណាត់ម៉ាស ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និង ការពារ​ក្នុងករណីគ្មាន​អនាម័យ ដើម្បីមិនអោយ​រាតត្បាត​ជំងឺ នៅពេលចេញពីលំនៅដ្ឋាន យានជំនិះផ្ទាល់ខ្លួន ឬពេលនៅទីសាធារណៈជាដើម។  

លើក​លែង​តែ​អាច​ដោះ​ម៉ាស ឬ​របាំង​ក្រណាត់​ចេញ​ពេល​កំពុង​ទទួលទានភេសជ្ជៈ ឬពេលកំពុងហាត់ប្រាណ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយមន្ត្រីរដ្ឋាភិបាល និងអនុវត្តតាមវិធានការបង្ការជាសកល នេះគឺចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ការបញ្ជាមានការផ្លាស់ប្តូរ៕