ព័ត៌មានអន្តរជាតិ June 10, 2022

ទីក្រុង Mariupol របស់អ៊ុយក្រែន ស្ថិតក្នុងហានិភ័យនៃការផ្ទុះជំងឺអាសន្នរោគ, នេះបើតាមរបាយការណ៍ក្រសួងការពារជាតិអង់គ្លេស

Khmerpress

(កៀវ)៖ ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ទីក្រុង ម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនូវជំងឺអាសន្នរោគដ៏ធំមួយ ស្របពេលដែលសេវាវេជ្ជសាស្រ្ត ទំនងជាជិតដួលរលំទៅហើយនោះ។ នេះបើយោងតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន តាមរយៈ Twitter ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងទៀតថា ទីក្រុង ឃឺសុន (Kherson) ក៏ទំនងជាមានការខ្វះខាតថ្នាំធ្ងន់ធ្ងរផងដែរ ខណៈរុស្ស៉ី កំពុងជួបប្រទះបញ្ហាលំបាក ក្នុងការផ្តល់សេវាសាធារណៈជាមូលដ្ឋាន ដល់ប្រជាជននៅក្នុងទឹកដីដែលខ្លួនកំពុងកាន់កាប់។

គួរបញ្ជាក់ថា កាលពីខែមុន ប្រធានគ្រប់គ្រងស្ថានភាពសុខាភិបាល របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអ៊ុយក្រែន លោកស្រី ដូរីត នីតហ្សាន (Dorit Nitzan) ក៏បាននិយាយដែរថា ទីក្រុង Mariupol ដែលឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៉ី បន្ទាប់ពីការឡោមព័ទ្ធអស់ជាច្រើនសប្តាហ៍ និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានោះ គឺស្ថិតក្នុងចំណោមតំបន់ដែលមានហានិភ័យនៃការផ្ទុះឡើងនូវជំងឺអាសន្នរោគ៕ ផ្តល់សិទ្ធិដោយ៖ freshnews