ព័ត៌មានអន្តរជាតិ June 17, 2022

សូមប្រយ័ត្ន! ពូជម្នាស់ថ្មីមួយប្រភេទពណ៌ផ្កាឈូកកំពុងចរាចរនៅប្រទេសថៃ ដែលជាម្នាស់ GMO មិនត្រូវបានអនុញ្ញាត្តិឲ្យមានចរាចរក្នុងទីផ្សានោះទេ ព្រោះវាប៉ះពាល់សុខភាពរយ:ពេលយូរ

Khmerpress

ថៃ៖  ក្រុមប្រឹក្សាអង្គការអ្នកបរិភោគប្រទេសថៃ បានជំរុញ​រដ្ឋាភិបាលថៃ អោយជួយ​ដោះស្រាយ​បញ្ហា​រត់ពន្ធ នៃ​ម្នាស់ GMO ដែលមានពណ៌​ផ្កាឈូក ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ ដល់​ការ​នាំ​ចេញ​ផ្លែ​ឈើ​របស់​ថៃ។          

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Prokchon Wusub សមាជិកនៃអនុគណៈកម្មាធិការអាហារ ឱសថ និងផលិតផលសុខភាព នៃក្រុមប្រឹក្សាអង្គការអ្នកប្រើប្រាស់ ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ ​បន្លែ​ផ្លែឈើ GMOs ដែលបានឈ្លានពាន​ចូលប្រទេស​ថៃថា លោកស្រីមានការភ័យខ្លាចចំពោះម្នាស់ពណ៌ផ្កាឈូក ដែលអាចបំពុលផ្លែឈើក្នុងស្រុក និងបង្កហានិភ័យដល់អ្នកបរិភោគ ហើយផ្តល់ផលប៉ះពាល់លើការនាំចេញផ្លែឈើរបស់ប្រទេសថៃ។  

ជាមួយគ្នានេះដែរថ្នាក់ដឹកនាំក្រុមប្រឹក្សា បានទទួលការរាយការណ៍ពីអ្នកបរិភោគថា គេបានរកឃើញការផ្សាយពាណិជ្ជកម្មលក់ម្នាស់ដែលមានសាច់ពណ៌ផ្កាឈូក នៅលើបណ្តាញសង្គម ដោយសំអាងថា ផ្លែម្នាស់នេះ បានឆ្លងកាត់ការផ្សាំពូជ និងកែប្រែហ្សេន ហើយត្រូវបានគេស្គាល់ផងដែរថា ជាផ្លែឈើ GMO (Genetically Modified Organisms: GMOs) ដែលត្រូវបានហាមឃាត់មិនឱ្យលក់នៅក្នុងប្រទេសថៃ។  

យ៉ាងណាមិញក្រុមប្រឹក្សាអង្គការអ្នកប្រើប្រាស់ បានពន្លឿនទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីចាត់វិធានការ​ក្នុងការទប់ស្កាត់​ការ​រាលដាល​នៃ​ផ្លែ​ម្នាស់ពណ៌ផ្កាឈូកនៅប្រទេស​ថៃ ក៏ដូចជាពន្លឿនដល់ការចេញផ្សាយការប្រកាសផលិតផល GMO រួមទាំងស្លាក GMO និងរួមគ្នាត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មផលិតផល GMO នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនពេលបន្លែ និងផ្លែឈើ GMO ឈានដល់ការបំពុលដំណាំក្នុងស្រុក ថែមទាំងបង្កជាបញ្ហានៃការចម្លងរោគ និង ការនាំចេញ ផ្តល់ផលប៉ះពាល់ដល់អ្នកប្រើប្រាស់ រឺអ្នកបរិភោគជាដើម។ 

គួរបញ្ជាក់ផងដែរថា ម្នាស់ដែលមានសាច់ពណ៌ផ្កាឈូកនេះ ត្រូវបាននាំចូល និងចរាចរលក់នៅក្នុងប្រទេសថៃអស់រយៈពេល ៩ខែមកហើយ បើទោះបីជាត្រូវបានភាគីពាក់ព័ន្ធបានរាយការណ៍ ក៏ដូចជាប្ដឹងពីផលប៉ះពាល់របស់វាទៅកាន់ក្រសួងកសិកម្ម ក្រសួងសុខាភិបាល និងក្រសួងដឹកជញ្ជូនក៏ដោយ ក៏ម្នាស់មួយប្រភេទនេះនៅតែមានលក់នៅក្នុងទីផ្សារដដែល៕

ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត