ព័ត៌មានអន្តរជាតិ June 18, 2022

សោកស្ដាយ! ក្រុមហ៊ុន Revlon បាន​ដាក់​ពាក្យ​សុំក្ស័យធន ក្រោយឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ

Khmerpress

ក្រុមហ៊ុន Revlon, Inc. ដែលឈរជើងលើទីផ្សារអស់ ៩០ឆ្នាំ បានដាក់ពាក្យសុំក្ស័យធននៅក្នុងតុលាការរបស់រដ្ឋញូវយ៉កកាលពីថ្ងៃពុធ ទី១៥ មិថុនា ជុំវិញបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងបំណុលដ៏ធំ រួមទាំងការប្រកួតប្រជែងពីដៃគូនៅក្នុងទីផ្សារ។ ក្រុមហ៊ុនផលិតគ្រឿងសម្អាងក៏បាននិយាយផងដែរថា ខ្លួននឹងទទួលបាន ប្រាក់ចំនួន ៥៧៥ លានដុល្លារ បន្ថែមលើអ្នកផ្តល់ប្រាក់កម្ចីបច្ចុប្បន្ន ដើម្បីធ្វើ​ការ​គ្រប់​គ្រង​ការងារប្រចាំ​ថ្ងៃ​ដូច​ធម្មតា។

នាយកប្រតិបត្តិក្រុមហ៊ុន Revlon Inc. (CEO) លោក Debra Perelman បាននិយាយថា តម្រូវការអ្នកប្រើប្រាស់សម្រាប់ផលិតផលរបស់ Revlon នៅតែមានកម្រិតខ្ពស់ ប៉ុន្តែ​មូលហេតុ​ដែល​ក្រុមហ៊ុនឈានមកដល់​ចំណុច​នេះ​មាន​បំណុល​ច្រើន​នេះ គឺ​ដោយសារ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​មាន​ការ​លំបាក។ ក្រុមហ៊ុន Revlon ប្រឈមមុខនឹងគូប្រជែងពីក្រុមហ៊ុនធំៗទាំងពីរដូចជា Procter & Gamble និងគ្រឿងសំអាងពីម៉ាកល្បីៗដូចជា Kylie របស់ Kylie Jenner និងអតីតតារាចម្រៀង Rihanna គឺFenty Beauty Rihanna ដែលមិនបានចំណាយប្រាក់ច្រើនលើទីផ្សារ ព្រោះ​មាន​អ្នក​តាម​ច្រើន​រួច​ទៅ​ហើយ​នៅ​លើ​បណ្ដាញ​សង្គម។

ចំណែកការលក់ Revlon ក៏កាន់តែជួបបញ្ហាធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត កូវីដ-១៩ ផងដែរ ដែលបណ្តាលឱ្យមានការចាក់សោរនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ដែល​ធ្វើ​ឱ្យ​ការ​ដើរ​ទិញ​ទំនិញ​ក្នុង​មជ្ឈមណ្ឌល​លក់​ទំនិញ​មាន​ការ​យឺតយ៉ាវ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ត្រូវពាក់ម៉ាស់ ជាហេតុធ្វើឱ្យការលក់ក្រែមលាបមាត់បានធ្លាក់ចុះ ២១% មកនៅត្រឹម ១.៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ មុននឹងងើបឡើងវិញ ៩.២% មកនៅត្រឹម ២.០៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ទោះបីជាយ៉ាងនេះក្តី ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Revlon និងម៉ាកល្បីៗជុំវិញពិភពលោកបាននឹងកំពុងប្រឈមមុខនឹងការខ្វះខាតវត្ថុធាតុដើម និងការផ្គត់ផ្គង់ចូលផលិតកម្ម ដោយសារតែ បញ្ហានៃការកើនឡើងតម្លៃវត្ថុធាតុដើម និងកង្វះកម្លាំងពលកម្ម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

SAUSALITO, CA – AUGUST 09: Revlon makeup products are displayed at a CVS store on August 9, 2018 in Sausalito, California. Revlon reported second quarter earnings that fell short of analyst expectations with revenue of $606.8 million compared to the estimated $637.3 million. (Photo by Justin Sullivan/Getty Images)