ព័ត៌មានអន្តរជាតិ June 20, 2022

ខាតលុយក្នុងទីផ្សារ Crypto ខ្លាំងពេក! ចោរម្នាក់នៅថៃ បានចូលប្លន់ហាងមាសទាំងថ្ងៃ ប្រមូលយកខ្សែកសរុបតម្លៃ ២ លានបាត

Khmerpress

ប៉ូលិសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា មានខ្មាន់កាំភ្លើងម្នាក់បានចូលប្លន់ខ្សែកតម្លៃ ២ លានបាត (៥៦,៧៥៥ដុល្លារ) ពីហាងមាសមួយកន្លែង នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ ដោយសាររូបគេបានខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ ប៉ូលិសនិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់នេះមែន ដោយសារភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីស្ថានភាពមិនល្អនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ។ យ៉ាងណាក៏ដោយ ដើម្បីការពារសិទ្ធិស្របច្បាប់ អត្តសញ្ញាណរបស់លោកចោរមិនត្រូវបានបង្ហាញទេ។ អំពើ​ប្លន់​នេះ​បាន​កើត​ឡើង​នៅ​ហាង​លក់​មាស Buan Lee នៅ​ផ្លូវ​ចក្រាភេត ក្នុង​សង្កាត់ Phra Nakhon ទីក្រុង​បាងកក។

លោកចោរបានពាក់ម៉ាស និងចូលប្លន់ហាងមាសកាលពីថ្ងៃសៅរ៍ មុនពេលដកកាំភ្លើងខ្លីចេញពីកាបូបស្ពាយរបស់គាត់ ហើយគ្រវីគ្រាវាត់ទៅកាន់បុគ្គលិក និងអតិថិជនរបស់ហាង។ ភ្លាមៗនោះ ម្ចាស់ហាងឈ្មោះ Kornrawik Wangcharoenrung រួមជាមួយនឹងបុគ្គលិក និងអតិថិជនមួយចំនួន ក៏បានរត់ទៅបន្ទប់ខាងក្រោយហាង ខណៈលោក​ចោរ​បាន​ប្រមូលយក​ខ្សែក​មាស ហើយ​រត់គេច​ខ្លួន​បាត់។ លោកចោរក៏បានជុះខ្សែកចំនួន ២ ខ្សែ នៅតាមផ្លូវមុខហាងផងដែរ។ លោកចោរ​បាន​រត់​គេច​ខ្លួន​តាម​ម៉ូតូ ប៉ុន្តែ​ប៉ូលិស​បាន​ប្រើ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ ដើម្បី​តាម​ដាន​ដំណើរ​របស់​ចោរ។ នៅថ្ងៃបន្ទាប់ ពួកគេបានចាប់ខ្លួនជនសង្ស័យ និងនាំខ្លួនទៅកាន់ហាង ដើម្បីចាត់ការបន្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត