ព័ត៌មានអន្តរជាតិ June 23, 2022

សហរដ្ឋអាមេរិក រំឮករុស្ស៉ីថា ការវាយប្រហារលើលីទុយអានី គឺជាការប្រកាសសង្រ្គាមជាមួយ NATO

Khmerpress

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់លីទុយអានី និងអង្គការណាតូ (NATO) ដើម្បីការពារខ្លួន ជាមួយការរំឮករុស្ស៉ីថាការវាយប្រហារណាមួយលើលីទុយអានី គឺជាការវាយប្រហារលើណាតូទាំងមូល។ នេះ បើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។

ប្រទេសលីទុយអានី បានដាក់កម្រិតលើការដឹកជញ្ជូនទំនិញតាមរថភ្លើង ជាផ្នែកនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ទៅនិងមកតំបន់ កាលីនីងក្រាដ (Kaliningrad) របស់រុស្ស៉ី ស្ថិតចន្លោះលីទុយអានី និងប៉ូឡូញ។ រុស្ស៉ីបានព្រមានឆ្លើយតបជាក់ស្តែងវិញដោយហៅ សកម្មភាពនេះថាជាជំហរអមិត្ត។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «យើងប្តេជ្ញាចិត្តលើគោលជំហររួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង គឺ NATO ក៏ដូចជាលីទុយអានីផងដែរ ជាពិសេសនោះ គឺការអនុវត្តតាម មាត្រា៥ របស់ណាតូ ដែលបានចែងថាការវាយប្រហារលើសមាជិកណាមួយ គឺស្មើនឹងការវាយប្រហារលើណាតូទាំងមូល ហើយ ការប្តេជ្ញាចិត្តនេះគឺរឹងមាំដូចដែកថែប»។

គួរបញ្ជាក់ថា លីទុយអានី ដែលជាអតីតដែនដីសហភាពសូវៀត បច្ចុប្បន្នជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប ហើយ ស្ថិតក្នុងចំណោមប្រទេសដែលរិះគន់ធ្ងន់ៗលើសកម្មភាពឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews