នាយករដ្ឋមន្ត្រីស្រីលង្កា បានសារភាពចំពោះសមាជិកសភាថា សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិបាន «ដួលរលំហើយ»
- BY
- Khmerpress
- June 24, 2022
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានសារភាពចំពោះសមាជិកសភាថា សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិបាន «ដួលរលំហើយ» បន្ទាប់ពីការខ្វះខាតស្បៀងអាហារ ថាមពល និងអគ្គិសនីជាច្រើនខែក្នុងប្រទេស ដែលជាការពង្រឹងវិបត្តិនៃប្រទេសស្រីលង្កា ខណៈរដ្ឋាភិបាលកំពុងព្យាយាមស្វែងរកប្រភពកម្ចីបរទេសដើម្បីផ្គត់ផ្គង់ប្រទេស។
ការចេញមកទទួលយកស្ថានការណ៍ក្នុងប្រទេសរបស់នាយករដ្ឋមន្ត្រី ស្រីលង្កាលើកនេះ មិនមានការបញ្ជាក់ដល់ការរីកចម្រើនថ្មី ដែលត្រូវបានធ្វើឡើងនោះទេ ប៉ុន្តែមានគោលបំណងដើម្បីបញ្ជាក់ថា អ្នកនយោបាយបក្សប្រឆាំង អោយឃើញថា គាត់ទទួលបន្ទុកកិច្ចការដ៏លំបាកមួយដែលមិនអាចដោះស្រាយក្នុងពេលឆាប់ៗបាន ព្រោះសេដ្ឋកិច្ចប្រទេសនេះ ពោរពេញដោយបំណុល បាត់បង់ចំណូលទេសចរណ៍ និងផលប៉ះពាល់ផ្សេងទៀត ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រួមទាំងតម្លៃទំនិញខ្ពស់។
នាយករដ្ឋមន្ត្រី Wickremesinghe បាននិយាយថា ស្រីលង្កាមិនអាចទិញថាមពលដើម្បីនាំចូលបានទេ ស្របពេលដែលក្រុមហ៊ុនថាមពលរបស់រដ្ឋាភិបាលគឺ Ceylon Petroleum Corporation មានបំណុល $700 លានដុល្លារ ដូច្នេះគ្មានប្រទេស ឬអង្គការណាមួយចង់លក់ប្រេងទៅអោយប្រទេសស្រីលង្កាទេ។ ជាមួយគ្នានេះ ប្រទេសស្រីលង្កាពីមុនបានទទួលប្រាក់កម្ចីចំនួន ៤ពាន់លានដុល្លារពីប្រទេសឥណ្ឌា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសនេះ ប៉ុន្តែនាយករដ្ឋមន្ត្រី Wickremesinghe បាននិយាយថា ឥណ្ឌាប្រហែលជាមិនអាចជួយស្រីលង្កាក្នុងរយៈពេលវែងដែលមានតម្លៃ ៣០០-៦០០ លានដុល្លារដល់ស្រីលង្កា ដើម្បីទិញថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗទៀតឡើយ។
នាយករដ្ឋមន្ត្រីស្រីលង្កាបានបន្ថែមថា ជំនួយពី IMF ហាក់ដូចជាផ្លូវតែមួយគត់របស់ប្រទេសនេះ បើតាមមន្ត្រី IMF បានធ្វើដំណើរទៅប្រទេសស្រីលង្កា ដើម្បីពិភាក្សាអំពីផែនការស្តារប្រទេសឡើងវិញ ហើយគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងកម្រិតផ្លូវការមួយនៅចុងខែក្រោយ។ IMF និងស្រីលង្កា បានទទួលការសន្និដ្ឋានបឋម និងផ្លាស់ប្តូរទស្សនៈលើវិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុសាធារណៈ និរន្តរភាពបំណុល ស្ថិរភាពនៃវិស័យធនាគារ និងបណ្តាញសន្តិសុខសង្គម។
គួរបញ្ជាក់ផងដែរថា ប្រទេសស្រីលង្កាធ្លាប់បានប្រកាសថា ខ្លួននឹងផ្អាកការទូទាត់បំណុលបរទេសចំនួន ៧ ពាន់លានដុល្លារក្នុងឆ្នាំនេះ ខណៈពេលដែលកំពុងរង់ចាំលទ្ធផលនៃការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF ស្តីពីផែនការស្តារសេដ្ឋកិច្ចឡើងវិញ ប្រទេសស្រីលង្កាត្រូវសងមូលនិធិរូបិយវត្ថុអន្តរជាតិជាមធ្យម ៥ពាន់លានដុល្លារក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៦៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: