ព័ត៌មានអន្តរជាតិ

ត្រឹមកន្លះឆ្នាំ២០២២ មេធំ Facebook ជ្រុះបាត់ទ្រព្យអស់ជាងពាក់កណ្ដាល លែងស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង ១០លើលោកទៀតហើយ

BY
Khmerpress
June 25, 2022
ត្រឹមកន្លះឆ្នាំ២០២២ មេធំ Facebook ជ្រុះបាត់ទ្រព្យអស់ជាងពាក់កណ្ដាល លែងស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង ១០លើលោកទៀតហើយ

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននៃ Meta Platforms លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាង ៥០% ក្នុងឆ្នាំ២០២២។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងថា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៥៨.១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខណៈកាលពីដើមឆ្នាំទ្រព្យមានចំនួន ១២៥.៥ពាន់លានដុល្លារ។

កម្រិតទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Mark មានន័យថា គាត់បានបាត់បង់ជាង ៦៧.៤ ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំ ឬស្មើនឹង ៣៨៩.៥ លានដុល្លារ ក្នុងមួយថ្ងៃអស់រយៈពេល ១៧៣ថ្ងៃ។ ការខាតបង់ទ្រព្យដ៏ច្រើនរបស់ Mark បានធ្វើឱ្យមហាសេដ្ឋីរូបនេះ ធ្លាក់ចេញពីតំណែងអ្នកមានបំផុតទាំង ១០លើលោក មកនៅចំណាត់ថ្នាក់ទី១៧ វិញ។

ជាមួយគ្នានេះ ការបាត់បង់ទ្រព្យជាងពាក់កណ្ដាលនេះ គឺបានកើតឡើងបន្ទាប់ពី​ទ្រព្យសម្បត្តិរបស់​មេធំ Facebook កើន​ដល់ ១៤២ ពាន់​លាន​ដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា មូលហេតុដែលនាំឱ្យមហាសេដ្ឋីរូបនេះ ខាតបង់ទ្រព្យអស់យ៉ាងច្រើនបែបនេះ គឺ​ដោយសារ​ចំណូលរបស់ Mark ភាគច្រើនបានមកពីភាគហ៊ុន ១៣% នៅក្នុង Meta Platforms ហើយនៅឆ្នាំ២០២២ នេះ ភាគហ៊ុនបច្ចេកវិទ្យាបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលធនាគារកណ្តាលផ្លាស់ប្ដូរ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណាបើប្រៀបធៀបទៅនឹងឆ្នាំមុន នៅពេលដែលបច្ចេកវិទ្យាបានដឹកនាំទីផ្សារភាគហ៊ុន។ ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាបានឃើញការវាយតម្លៃរបស់ពួកគេធ្លាក់ចុះ ទាំងនៅក្នុងទីផ្សារសាធារណៈ និងឯកជន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: