ព័ត៌មានអន្តរជាតិ June 27, 2022

សហរដ្ឋអាមេរិក​គ្រោងនឹង​ប្រកាស​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ពី​ដី​ទៅ​អាកាស​រយៈ​ចម្ងាយ​មធ្យម​ទៅ​ឆ្ងាយ​ សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងសប្ដាហ៍នេះ

Khmerpress

អាមេរិកគ្រោងនឹងប្រកាសឱ្យបានឆាប់នៅក្នុងសប្តាហ៍នេះថា ខ្លួនបានទិញប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស រយៈចម្ងាយមធ្យមទៅឆ្ងាយ សម្រាប់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ ប្រធានាធិបតីលោក ចូ បៃដិន ដែលបច្ចុប្បន្នកំពុងជួបជាមួយមេដឹកនាំ G7 នៅប្រទេសអាល្លឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូលដែលផ្តោតលើអ៊ុយក្រែន បានប្រកាសកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននូវ «ប្រព័ន្ធរ៉ុក្កែត និងគ្រាប់បែកទំនើបៗ» ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏គ្រោងនឹងថ្លែងទៅកាន់លោក បៃដិន និងមេដឹកនាំ G7 ផ្សេងទៀតនៅថ្ងៃចន្ទនេះផងដែរ។

ជាការឆ្លើយតបទៅនឹងសំណើរបស់កងកម្លាំងអ៊ុយក្រែន ជំនួយយោធាផ្សេងទៀតក៏ទំនងជាត្រូវបានប្រកាសក្នុងសប្តាហ៍នេះ រួមទាំងគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដា counter-battery ។ មន្ត្រីអ៊ុយក្រែនក៏បានស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល NASAMS ដែលជាប្រព័ន្ធអាចវាយប្រហារគោលដៅចម្ងាយជាង ១០០ ម៉ាយ បើទោះបីជាកងកម្លាំងអ៊ុយក្រែន ទំនងជានឹងត្រូវការពេលវេលាក្នុងការហ្វឹកហាត់លើប្រព័ន្ធនេះក៏ដោយ។

គួរឱ្យដឹងដែរថា អាមេរិក​បាន​និង​កំពុង​ប្រកាស​ជា​បន្តបន្ទាប់​នូវ​ជំនួយ​សន្តិសុខ​បន្ថែម​សម្រាប់​អ៊ុយក្រែន ហើយកាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោក បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមចំនួន ៤៥០ លានដុល្លារ ជាមួយនឹងការផ្តល់នូវប្រព័ន្ធរ៉ុក្កែតចំនួន ៤ និងគ្រាប់កាំភ្លើងធំសម្រាប់ប្រព័ន្ធផ្សេងទៀត។ ហើយនៅដើមខែនេះ រដ្ឋបាលលោក បៃដិន បាននិយាយថា ខ្លួនកំពុងផ្តល់ជំនួយយោធាចំនួន ១ ពាន់លានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែន ដែលជាកញ្ចប់ដែលរួមមានការដឹកជញ្ជូន កាំភ្លើងធំ គ្រាប់រំសេវ និងប្រព័ន្ធការពារឆ្នេរសមុទ្របន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត