Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្លែកខុសពីគេឯង! កសិករខ្មែរម្នាក់ ចាយទុន ៥០០ដុល្លារចាប់របរចិញ្ចឹមពស់លក់ទៅវៀតណាម ល្បីដល់សារព័ត៌មានក្រៅស្រុក

    BY Khmerpress July 6, 2022
    ប្លែកខុសពីគេឯង! កសិករខ្មែរម្នាក់ ចាយទុន ៥០០ដុល្លារចាប់របរចិញ្ចឹមពស់លក់ទៅវៀតណាម ល្បីដល់សារព័ត៌មានក្រៅស្រុក

    សារព័ត៌មាន The Nation កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ បានចេញផ្សាយពីកសិករកម្ពុជាម្នាក់ ចាប់យករបរចិញ្ចឹមពស់សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម។ លោក ម៉េង សារ៉ាត់ អាយុ ៣៤ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់អារម្មណ៍ និងការចិញ្ចឹមពស់នេះ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកបោសសម្អាតនៅខេត្តព្រះសីហនុដោយសារជំងឺកូវីដ-១៩ ហើយគាត់បានឱ្យដឹងថា ពស់មានតម្រូវការនៅទីផ្សារវៀតណាម ជាពិសេសនៅតាមភោជនីយដ្ឋានជាមួយនឹងតម្លៃថ្លៃ ខណៈអាជីពនេះនៅស្រុកខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។

    កសិករមាន​ស្រុក​កំណើត​នៅ​ភូមិ​ក្អមសំណរ ស្រុក​លើកដែក ខេត្ត​កណ្តាលរូបនេះបានលើកឡើងថា របរចិញ្ចឹមពស់នេះ គឺជារបរសំខាន់ក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីគាត់ត្រូវបាត់បង់ការងារហើយវិលមកស្រុកកំណើតវិញ។ លោកបានបន្តថា គាត់បានចាប់ផ្ដើមចិញ្ចឹមពស់ដែលមានឈ្មោះថា “ចាន់ល្មម” ដែលជា​ប្រភេទ​ពស់​កម្រ និងមានតម្រូវការខ្ពស់ ដោយគាត់បានទៅរៀនជំនាញចិញ្ចឹមនៅប្រទេសវៀតណាម ហើយក៏សម្រេចបោះទុន ៥០០ដុល្លារ ទិញពស់ និងធ្វើអាងសម្រាប់ចិញ្ចឹម ដោយដំបូងឡើយចិញ្ចឹមពស់ចំនួន ៤០០ ក្បាល ក្នុង ១ក្បាលមានតម្លៃប្រហែល ១២០០០ រៀល​។

    កសិកររូបនេះបានឱ្យដឹងទៀតថា ការចិញ្ចឹមពស់នេះមិនពិបាកនោះទេ ហើយថែមទាំងមានទីផ្សារល្អទៀត ព្រោះឈ្មួញវៀតណាមចុះមកប្រមូលទិញអស់ៗដល់កន្លែង។ ចំពោះបច្ចេកទេសចិញ្ចឹម លោក សារ៉ាត់ បានពន្យល់ថា ដំបូង​ឡើយ​លោក​បាន​សាងសង់​អាង​ឥដ្ឋ​ចំនួន​ពីរគឺ អាង​ទំហំ 4×4 ​ម៉ែត្រ​ សម្រាប់​ដាក់​សត្វ​ពស់​ដែល​អាច​លក់​បាន និង​មួយ​ទៀត 3×4​ ​ម៉ែត្រ​សម្រាប់​ចិញ្ចឹម​ពស់​ថ្មី។ បន្ទាប់ពីការពិសោធន៍មួយចំនួន គាត់បានបែងចែកជាពីរផ្នែក ដោយបន្ថែមផ្នែកមួយសម្រាប់បង្កាត់ពូជ និងមួយផ្នែកសម្រាប់កូនពស់តូចៗ។ ជាមួយគ្នានេះ អាងមានជម្រៅជាង ១ម៉ែត្រ ដោយមានដាំកំប្លោក ឬ ចកសម្រាប់ពស់ធំ ចំណែកឯអាងមួយទៀត គឺមានទឹករាក់សម្រាប់ដាក់កូនពស់ ហើយពស់ក៏ត្រូវបានបែកចែកដាក់ដោយឡែកតាមទំហំពស់ដែរ ដោយសារពស់ធំនឹងស៊ីពស់តូចៗបើដាក់ជាមួយគ្នា ហើយគាត់ត្រូវប្ដូរទឹកម្ដង ឬ ពីរដងក្នុងមួយខែ។ ចំពោះចំណីវិញ កសិកររូបនេះថា មិនចំណាយច្រើននោះឡើយ គឺគាត់ទិញត្រីតូចៗដែលអន់សាច់ ដាក់ឱ្យពស់ ដោយត្រីមួយគីឡូអាចចិញ្ចឹមពស់បាន ១០០ក្បាល ហើយ ២ ទៅ ៣ថ្ងៃទើបដាក់ឱ្យម្ដង ប៉ុន្តែចំពោះការចំណាយពេលចិញ្ចឹមវិញគឺ ប្រើពេលមួយឆ្នាំជាងទើបអាចលក់បាន។

    គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅលោក សារ៉ាត់ បានចិញ្ចឹមពស់ ៤០០ក្បាល ហើយលក់បានប្រហែល ២០០គីឡូក្រាម ដោយចំនួននៅសល់​គឺទុក​សម្រាប់​បង្កាត់​ពូជ។ ក្នុង​ចំណោម​សាច់ ​២០០​គីឡូក្រាម​ដែល​លោក​លក់ ​ប្រហែល ​១៥០​គីឡូក្រាម​ គឺលក់ទៅ​ទីផ្សារ​វៀតណាម។

    យោងតាមការរៀបរាប់របស់កសិកររូបនេះ បច្ចុប្បន្នតម្លៃទីផ្សារសម្រាប់ពស់ “ចាន់ល្មម” គឺប្រហែល ៨០,០០០រៀលក្នុងមួយគីឡូក្រាម។ ហើយបច្ចុប្បន្ន​គាត់លក់​បាន ២០០ ទៅ ៣០០ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ ក្រៅពីទីផ្សារក្រៅប្រទេស ឥឡូវនេះលោក សារ៉ាត់ មានដៃគូរជាមួយភោជនីយដ្ឋានក្នុងស្រុកចំនួន ៤ គឺ ២ នៅភ្នំពេញ និង ២ នៅព្រះសីហនុ ហើយអតិថិជនក្នុងស្រុកបញ្ជាទិញពី ៣ ទៅ ៤ គីឡូក្រាមរៀងរាល់កន្លះខែម្ដង។ ទន្ទឹមនឹងនេះ គាត់ក៏លក់​កូន​ពស់​ទៅ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចិញ្ចឹម​ផងដែរ ដោយ​កូន​ពស់​មួយ​ក្បាល​តម្លៃ ១​ម៉ឺន​រៀល៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: