Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

BY Khmerpress July 19, 2022
លោក ពូទីន៖ លោកខាងលិច មិនអាចធ្វើឱ្យរុស្ស៉ី «ឯកោ» បានឡើយ

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា វាមិនអាចទៅរួចទេ ក្នុងការកាត់ផ្ដាច់រុស្ស៉ីចេញពីពិភពលោក ហើយ ទណ្ឌកម្មដែលដាក់ដោយលោកខាងលិច នឹងមិនអាចទាញការអភិវឌ្ឍន៍របស់រុស្ស៉ីឲ្យដើរថយក្រោយបានឡើយ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ជាពេលដែលរុស្ស៉ីលុកលុយចូលអ៊ុយក្រែនមក ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើទីក្រុងមូស្គូ ដើម្បី ផ្តាច់រុស្ស៉ីចេញពីសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាក៏ដោយ ថ្លែងទៅកាន់សមាជិករដ្ឋាភិបាលតាមរយៈវីដេអូ លោក ពូទីន បានសង្កត់ធ្ងន់ថា «ទណ្ឌកម្មនេះ មិនមែនគ្រាន់តែជាការរឹតបន្តឹងប៉ុណ្ណោះទេ ប៉ុន្តែវាជាការបិទស្ទើរតែទាំងស្រុងនៃផលិតផលបច្ចេកវិទ្យាខ្ពស់ ដោយចេតនាប្រឆាំងនឹងប្រទេសរបស់យើង។ វាច្បាស់ណាស់ថា នេះជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសរបស់យើង ប៉ុន្តែ….យើងមិនចុះចាញ់ឡើយ»។

គួរបញ្ជាក់ថា ចំពោះមុខទណ្ឌកម្មរបស់លោកខាងលិច លោក ពូទីន បានប្តេជ្ញាថានឹងបន្តអភិវឌ្ឍន៍ក្រុមហ៊ុនបច្ចេកវិទ្យា និងវិស័យបច្ចេកវិទ្យាក្នុងស្រុក បន្ថែមទៀត ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក អាន់តុន ស៉ីលូនូវ (Anton Siluanov) បានលើកឡើងថាការគាំទ្រសម្រាប់វិស័យបច្ចេកវិទ្យារបស់រុស្ស៊ីគឺជា អាទិភាពមួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: