ថៃកំពុងពិចារណាទាញសញ្ញាអាសន្នចំពោះជំងឺអុតស្វា Monkeypox
ថៃ៖ អាជ្ញាធរសុខាភិបាលថៃកំពុងពិចារណាអំពីការសម្រេចទាញសញ្ញាអាសន្នចំពោះជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា តាមគម្រោងគឺថៃចង់សម្រេចដាក់បញ្ចូលជំងឺអុតស្វា Monkeypox ក្នុងបញ្ជី “ជំងឺឆ្លងធ្ងន់ធ្ងរ” ដើម្បីឲ្យសាធារណៈជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគថ្មីនេះ បើទោះជាគិតត្រឹមពេលនេះថៃមិនទាន់រកឃើញករណីផ្ទុះការរាតត្បាតនៃជំងឺប្រភេទនេះនៅតាមសហគមន៍ក៏ដោយ។
លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ
គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះអង្គការសុខភាពពិភពលោកក៏បានទាញសញ្ញាអាសន្នមួយចំពោះជំងឺអុតស្វា Monkeypox ផងដែរ ដោយបានកំណត់ប្រភេទជំងឺនេះជា “ការព្រួយបារម្ភកម្រិតអន្តរជាតិចំពោះសុខភាពសាធារណៈ” និងបានជំរុញឲ្យបណ្តាប្រទេសដែលកំពុងមានការចម្លងជំងឺថ្មីនេះត្រូវបង្កើនការការពារនិងប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់ផងដែរ។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះថៃបានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នៅលើខ្លួនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ហើយបច្ចុប្បន្នអ្នកជំងឺរូបនោះបានរត់គេចខ្លួនមកដល់ប្រទេសកម្ពុជានិងកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
