ព័ត៌មានអន្តរជាតិ August 3, 2022

លោកស្រី ផេឡូស៊ី ថាដំណើរទស្សនកិច្ចរបស់លោកស្រី បង្ហាញយ៉ាងច្បាស់ថាអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ ឡើយ

Khmerpress

(តៃប៉ិ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅថ្ងៃពុធនេះបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី បានបញ្ជាក់ យ៉ាងច្បាស់ថាសហរដ្ឋអាមេរិក នឹងមិនបោះបង់ចោលតៃវ៉ាន់ឡើយ ខណៈលោកស្រីចាប់ផ្ដើមជំនួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២។

ថ្លែងដោយឈរនៅក្បែរលោកស្រី តៃ្ស អ៉ីងវិន លោកស្រី ផេឡូស៊ី គូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ ប្រតិភូរបស់យើង…បានធ្វើដំណើរមកតៃវ៉ាន់ដើម្បី បញ្ជាក់យ៉ាងច្បាស់ថាយើងនឹងបោះបង់ចោលការប្ដេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់ឡើយ ហើយយើងពិតជាមានមោទកភាពចំពោះទំនាក់ទំនងមិត្តភាព យូរអង្វែងរបស់យើង»។ លោកស្រីបន្ថែមថាសាមគ្គីភាពរបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មានសារសំខាន់ជាងពេលណាៗទាំងអស់ តែទាំង លោកស្រី និងសេតវិមានបានអះអាងដូចគ្នាថាសហរដ្ឋអាមេរិកមិនបានផ្លាស់ប្ដូរអ្វី ពាក់ព័ន្ធនឹងគោលនយោបាយចិនតែមួយឡើយ។

លោកស្រី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ ដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយក្រុមសមាជិកសភាអាមេរិកទាំង២ រាប់សិបនាក់ ទាំងមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅឡើយដែលលោកប្រធានាធិបតី ចូ បៃដិន ដែលត្រូវបានគេរាយការណ៍ថាមិនទាន់បាននិយាយជាមួយលោកស្រីឡើយ ចាប់់តាំងពី ប្រធានសភាតំណាងរាស្ត្ររូបចេញដំណើរឆ្ពោះមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបានធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews