Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រទេសថៃបានរកឃើញករណីទី៣ នៃជំងឺអុតស្វា monkeypox ពីអ្នកទេសចរអាល្លឺម៉ង់ដែលបានមកលេងកោះភូកេត

BY Khmerpress August 3, 2022
ប្រទេសថៃបានរកឃើញករណីទី៣ នៃជំងឺអុតស្វា monkeypox ពីអ្នកទេសចរអាល្លឺម៉ង់ដែលបានមកលេងកោះភូកេត

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ថៃ (Disease Control Department) បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសរបស់ខ្លួនបានកត់ត្រាករណីថ្មីនៃជំងឺអុតស្វា monkeypox ចេញពីអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ដែលបានមកលេងកោះភូកេត។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DCD បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាលសាធារណៈថា អ្នកទេសចរម្នាក់នោះមានអាយុ ២៥ឆ្នាំ និងបានចូលមកប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយគាត់គឺជាករណីទី៣ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនេះ។

រដ្ឋបាលខេត្តនឹងរាយការណ៍អំពីពេលវេលាលម្អិតរបស់ភ្ញៀវទេសចរម្នាក់នោះ ទៅកាន់ DCD ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងតាមដានមនុស្សទាំងអស់ ដែលបានមកទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ លោក Opas បាននិយាយថា ភ្លាមៗបន្ទាប់ពីអ្នកទេសចរម្នាក់នោះបានចូលមកដល់ប្រទេសថៃ គឺគាត់បានចេញរោគសញ្ញារួចទៅហើយ ដូច្នេះ DCD ជឿថា គាត់បានឆ្លងជំងឺនេះមុនពេលចូលមកដល់ប្រទេសថៃ។ គិតមកទល់ពេល​នេះ អ្នកដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គាត់​ មិនទាន់មាននរណាតេស្ដវិជ្ជមានជាមួយជំងឺនៅឡើយ។

លោក Opas បាននិយាយថា អ្នកដែលស្និទ្ធស្នាលជាមួយអ្នកជំងឺ នឹងត្រូវតាមដានរយៈពេល ២១ថ្ងៃ ដោយមិនចាំបាច់ដាក់ឱ្យនៅដាច់ពីគេទេ ប៉ុន្តែមិនគួរប៉ះពាល់ ឬទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃឡើយ។ លោក​បាន​កត់​សម្គាល់​ថា ​ករណី​ទាំង​ ៣ ដែលប្រទេសថៃបានកត់ត្រាកន្លងមក គឺជាបុរសទាំងអស់ ដោយមានម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា។ វាស្របទៅនឹងរបាយការណ៍ WHO ដែលថា ៩៨% នៃអ្នកជំងឺអុតស្វា monkeypox គឺជាបុរសដែលស្រឡាញ់ភេទដូចគ្នា ឬមានទំនាក់ទំនងរាងកាយជាមួយភេទដូចគ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: