អាជ្ញាធរវៀតណាមពិន័យគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam 2022 ជាប្រាក់ ៧០លានដុង ក្រោយអនុញ្ញាតឲ្យស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់ប៉ះពាល់ដល់ទំនៀមទម្លាប់និងប្រពៃណីជាតិ
វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចធ្វើការពិន័យគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam 2022 ជាទឹកប្រាក់ចំនួន ៧០លានដុង (២,៩៩០ ដុល្លារអាមេរិក) ក្រោយអ្នករៀបចំកម្មវិធីលំដាប់ថ្នាក់ជាតិមួយនេះអនុញ្ញាតឲ្យស្រ្តីជាគណៈកម្មកាម្នាក់ស្លៀកសំលៀកបំពាក់ដំណាងឲ្យប្រពៃណីវៀតណាម ដែលមានការកែច្នៃខុសពីទម្រង់ដើម ពោលគឺសិចស៊ីជ្រុលហួសហេតុ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីថ្ងៃចន្ទ ទី២២ ខែសីហានេះបានឲ្យដឹងថា ស្រ្តីជាគណៈកម្មការដែលបានស្លៀកសំលៀកបំពាក់មិនសមរម្យបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងកម្មវិធីលំដាប់ថ្នាក់ជាតិនេះមានឈ្មោះថា Vu Nguyen Ha Anh ជាអតីតបេក្ខជនប្រលងកម្មវិធី Miss Universe Vietnam 2008 បច្ចុប្បន្នមានអាយុ ៤០ឆ្នាំ និងជាតារាម៉ូដែលម្នាក់ផងដែរ។
អ្នកនាង Vu Nguyen Ha Anh
ប្រភពខាងលើបានបន្តថា ក្នុងពេលបង្ហាញខ្លួនក្នុងនាមជាគណៈកម្មការរបស់កម្មវិធី Miss Universe Vietnam 2022 អ្នកនាង Vu Nguyen Ha Anh បានស្លៀកសំលៀកបំពាក់ប្រពៃណីដំណាងឲ្យប្រទេសវៀតណាមមួយប្រភេទឈ្មោះ Ao Dai ធ្វើពីក្រណាត់ដ៏ស្តើងដែលគេអាចមើលធ្លុះដល់សុដន់របស់គាត់។ បើតាមគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានបញ្ជាក់ថា ឥរិយាបថរបស់អ្នកនាង Vu Nguyen Ha Anh ត្រូវបានចាត់ទុកជា “ការប្រើប្រាស់សំលៀកបំពាក់ ពាក្យសំដី សំឡេង រូបភាព ចលនា មធ្យោបាយនៃការបញ្ចេញមតិ និងទម្រង់នៃការសម្តែងដែលផ្ទុយនឹងទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រទេសជាតិ”។ ក្រៅតែពីបានពិន័យជាប្រាក់ជិត ៣ពាន់ដុល្លារ ក្រុមហ៊ុន The Saigon Universe Joint Stock ដែលជាអ្នកទទួលរៀបចំកម្មវិធីក៏ត្រូវអាជ្ញាធរវៀតណាមសម្រេចហាមឃាត់មិនឲ្យរៀបចំកម្មវិធី Miss Universe Vietnam ក្នុងរយៈពេល ៩ខែផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

សំលៀកបំពាក់ប្រពៃណីវៀតណាម Ao Dai
