Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុននឹងលើកលែងការធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួច

BY Khmerpress August 24, 2022
ជប៉ុននឹងលើកលែងការធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកដែលចាក់វ៉ាក់សាំងរួច

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសជប៉ុននឹងលើកលែងការធ្វើតេស្តកូវីដ ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេសជប៉ុន ដែលបានចាក់វ៉ាក់សាំងរួច ប៉ុន្តែវិធានការផ្សេងៗនៅរក្សាដដែល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

តម្រូវការសម្រាប់ការធ្វើតេស្តនឹងត្រូវដកចេញ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ តទៅ ហើយលោក គីស៉ីដា បន្ថែមថា នៅមិនទាន់មានការសម្រេចចិត្តមួយត្រូវបានធ្វើឡើងនោះទេ ជុំវិញផែនការដែលត្រូវដំឡើង ចំនួនអ្នកដំណើរចូលមកក្នុងប្រទេសជប៉ុន ពីចំនួន ២០,០០០នាក់ ទៅ ៥០,០០០នាក់ ក្នុងមួយថ្ងៃ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ ខណៈដែលលោកកំពុងសម្រាកព្យាបាលកូវីដ ១៩ នៅការិយាល័យនាយករដ្ឋមន្រ្តី លោក គីស៉ីដា ក៏បានគូសបញ្ជាក់ថា «យើងនឹងបន្តបន្ធូរបន្ថយវិធានការទាំងនោះបន្តិចម្តងៗ»។

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសដែលរក្សានូវវិធានការព្រំដែនយ៉ាងតឹងរ៉ឹងបំផុត ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ច រីកចម្រើនផ្សេងទៀត ដោយតម្រូវឲ្យអ្នកដំណើរបង្ហាញការធ្វើតេស្តអវិជ្ជមាន សម្រាប់ជំងឺកូវីដ ១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញដំណើរ។

យ៉ាងនេះក្តី កាលពីខែឧសភា កន្លងទៅ លោក គីស៉ិដា បាននិយាយថាលោកចង់ឲ្យវិធានការព្រំដែនរបស់ជប៉ុន មានលក្ខណៈសមស្របនឹងប្រទេស G7 ផ្សេងទៀត។ នៅក្នុងខែមិថុនា ជប៉ុនបានបើកទទួលភ្ញៀវទេសចរណ៍ជាលើកដំបូង ក្នុងរយៈពេល ២ឆ្នាំ ប៉ុន្តែតម្រូវឲ្យអ្នកដំណើរស្នើសុំទិដ្ឋាការ និងប្រកាន់ខ្ជាប់នូវការណែនាំតឹងរ៉ឹង ហើយស្ថិតក្រោមការរៀបចំ ជាកញ្ចប់ទេសចរណ៍ក្រុមតូចៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: