តៃវ៉ាន់ បញ្ជូនមីកញ្ចប់របស់វៀតណាមជាង ១តោនមកវិញ ដោយសាររកឃើញមានផ្ទុកសារធាតុបង្កមហារីកកម្រិតខ្ពស់
តៃវ៉ាន់បានបញ្ជូនមីកញ្ចប់របស់វៀតណាមម៉ាកថា Omachi ចំនួន ១.៤៤ តោនមកវិញ ដោយលើកឡើងថា មីទាំងនោះមានផ្ទុកនូវសារធាតុអេទីឡែនអុកស៊ីដកម្រិតខ្ពស់ដែលបង្កឱ្យកើតជំងឺមហារីក។ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់បានកំណត់ថា មីដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ០.១៩៥មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដាររបស់តៃវ៉ាន់។
ក្រុមហ៊ុន Masan Consumer ដែលជាអ្នកផលិតមី បាននិយាយថា ខ្លួនមិនបានលក់មីទៅឱ្យក្រុមហ៊ុនចិន Qianyu ទេ ទោះបីជាខ្លួនផលិតមីសម្រាប់ទីផ្សារតៃវ៉ាន់ក៏ដោយ។ ប្រទេស និងទឹកដីនីមួយៗមានស្តង់ដារអាហាររបស់ខ្លួន ដូច្នេះហើយ Masan Consumer ផលិតផលិតផលជាពិសេសសម្រាប់ប្រទេស និងទឹកដីនីមួយៗ។
ជាមួយគ្នានេះ Masan Consumer បញ្ជាក់ថា ក្រុមហ៊ុនមានលក្ខខណ្ឌតឹងរ៉ឹងជាមួយអ្នកចែកចាយ ដើម្បីការពារពួកគេពីការនាំចេញផលិតផល ពីទីផ្សារមួយទៅទីផ្សារមួយទៀត។ ហើយមី Omachi បំពេញតាមស្តង់ដារអាហាររបស់ប្រទេសវៀតណាម និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំមុន ផលិតផលមីកញ្ចប់ជាច្រើនមុខរបស់អាជីវកម្មវៀតណាម ក៏ត្រូវបានសហភាពអឺរ៉ុប បញ្ជូនមកវិញដែរ ដោយសារកម្រិតខ្ពស់នៃអេទីឡែនអុកស៊ីដ។ ហើយនៅខែកក្កដាឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់វៀតណាមនាំចូលមួយចំនួន ដែលមានកម្រិតអេទីឡែនអុកស៊ីដកើនឡើងដូចគ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
ប្រភព៖ vnexpress

