ព័ត៌មានអន្តរជាតិ August 27, 2022

ប្រទេសថៃបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ដែលត្រឡប់មកពីប្រទេសកាតា

Khmerpress

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា​ ​នៅកំឡុងពេលគាត់កំពុងធ្វើការ​​នៅ​ប្រទេស​កាតា​។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រី​រូប​នេះ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​សីហា ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​បន្ទាប់។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC បាននិយាយថា លទ្ធផលមន្ទីរពិសោធន៍ កាលពីថ្ងៃទី២៤ ខែសីហា បានបញ្ជាក់ថា ស្ត្រីរូបនោះបានវិជ្ជមានជាមួយជំងឺអុតស្វា Monkeypox។ គាត់បានកត់សម្គាល់ថា មានមនុស្សចំនួន ៤នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់នោះ ត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ក្នុងការឆ្លង ហើយមនុស្សចំនួន ២៤នាក់ ផ្សេងទៀត ក៏ត្រូវបានគេចាត់ទុកថាមានហានិភ័យ។ ដូច្នេះពួកគេទាំងនោះ ត្រូវបានបង្គាប់ឱ្យនៅដាច់ដោយឡែកចំនួន ២១ថ្ងៃ ដើម្បីធានាបានថា ពួកគេត្រូវបានតាមដានពីអាការជំងឺបានត្រឹមត្រូវ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត