ព័ត៌មានអន្តរជាតិ August 29, 2022

ប្រទេសថៃបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីអ្នកជំងឺ ដែលមិនមានប្រវត្តិធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស

Khmerpress

នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​ថៃ (DDC) ​បាន​ប្រកាស​ថា ខ្លួនបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីស្ត្រីជនជាតិថៃម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ រស់នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ អគ្គនាយករបស់ DDC លោកវេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្ត្រីម្នាក់នោះបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ហើយគាត់បាន​បង្ហើប​ថា អ្នកជំងឺ​បាន​រួម​ភេទ​ជាមួយ​ជនបរទេស និងមិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​កាលពី​ពេល​ថ្មីៗ​នោះ​ទេ។

អ្នកជំងឺមានអាការគ្រុនក្តៅ នៅថ្ងៃទី២០ ខែសីហា និងបានចេញពងបែកនៅថ្ងៃបន្ទាប់ ហើយរហូតដល់ ២ ​ថ្ងៃ​ក្រោយ​មក គាត់ក៏ចេញពងបែក​ជាច្រើន​ទៀត​នៅលើ​រាង​កាយ​របស់​គាត់ ដែលនាំឱ្យគាត់ស្វែងរកការ​ព្យាបាល​នៅ​វិទ្យាស្ថាន​ខេត្ត Nonthaburi។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការធ្វើតេស្ត RT-PCR និងបានបញ្ជាក់ពីការឆ្លងមេរោគរបស់គាត់កាលពីថ្ងៃសុក្រ ចំណែកឯមនុស្ស​ ៣នាក់ ដែល​បាន​ស្និទ្ធស្នាល​ជាមួយអ្នកជំងឺ នឹង​ត្រូវ​តាម​ដាន​យ៉ាង​ដិតដល់​រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា។

វេជ្ជបណ្ឌិត Opas បានណែនាំឱ្យជៀសវាងការប៉ះវត្ថុរាវពីអ្នកដែលមានអាការគ្រុនក្តៅ កន្ទួល ឬពងបែក ហើយជៀសវាងការរួមភេទជាមួយអ្នកដែលមិនបានធ្វើតេស្ត។ ត្រូវពាក់ម៉ាស់មុខនៅទីសាធារណៈ ហើយលាងដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬអាល់កុលលាងដៃ។ លោកវេជ្ជបណ្ឌិត Opas បានដាស់តឿនថា៖«ប្រសិនបើអ្នករកឃើញពងបែក កន្ទួល ឬខ្ទុះនៅលើខ្លួនរបស់អ្នក រួមជាមួយនឹងរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងហើមកូនកណ្តុរ សូមធ្វើតេស្តភ្លាមៗ ឬហៅទូរស័ព្ទទៅលេខទូរសព្ទ ១៤២២ របស់ DDC»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត