Musk ផ្ញើលិខិតថ្មីបន្ថែមទៀតដើម្បីលុបចោលកិច្ចព្រមព្រៀង Twitter ក្រោយទទួលបានភស្តុតាងមួយចំនួន
(បរទេស)៖ កិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិករវាងលោក Elon Musk និងក្រុមហ៊ុន Twitter ទំនងជាជិតឈានដល់ផ្លូវទាល់ហើយ បន្ទាប់ពីកំពូលមហាសេដ្ឋីរូបនេះបានរកឃើញឯកសារមួយចំនួនទាក់ទងទិន្នន័យ Spam និងគណនីក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
យោងតាមដីការបស់តុលាកានៅថ្ងៃចន្ទបានឱ្យដឹងថា លោក Musk ទើបតែទទួលបានព័ត៌មានមួយចំនួនពីអតីតប្រធានសន្តិសុខរបស់ Twitter លោក Peiter Zatko ដែលបានឱ្យដឹងអំពីវិធីដែលគេហទំព័រ microblogging បានធ្វើការវាស់ស្ទង់ទៅលើគណនី Spam។ បន្ទាប់ពីទទួលបានព័ត៌មានទាំងនោះលោក Musk ក៏បានផ្ញើលិខិតបន្ថែមនៃការបញ្ចប់កិច្ចព្រមព្រៀងទៅកាន់ Twitter Inc ភ្លាមៗតែម្តង។
លោក Zatko ត្រូវបានគេស្គាល់ថាជា «Mudge» គឺជាអ្នកជំនាញផ្នែកសុវត្ថិភាព Network អ្នកសរសេរកូដ ហើយក៏ជា Hacker មួយរូបផងដែរ ពាក់ព័ន្ធទៅនឹងបញ្ហានេះលោកបាននិយាយនៅក្នុងពាក្យបណ្តឹងដែលមានខ្លឹមសារថា «Twitter បានទទួលស្គាល់ និងអះអាងថាខ្លួនមានផែនការបង្កើនសុវត្ថិភាពដ៏រឹងមាំ ហើយបានផ្តល់អាទិភាពដល់កំណើនអ្នកប្រើប្រាស់ ជុំវិញការបង្កើតគណីក្លែងក្លាយ»។ យ៉ាងណាមិញបន្ទាប់ពីការលាតត្រដាងនេះ ក្រុមអ្នកច្បាប់របស់ Musk បាននិយាយថា ការចោទប្រកាន់លើអង្គហេតុមួយចំនួនទៅកាន់ Twitter កាលពីថ្ងៃទី០៨ ខែកក្កដា ដែលស្ថិតក្នុងការស៊ើបអង្កេតនោះ ពេលនេះបានក្លាយជាពន្លឺកាន់ច្បាស់ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនោះហើយ។
គួរបញ្ជាក់ដែរថា រឿងរ៉ាវនេះនឹងត្រូវបានលើកយកទៅកាត់ក្តីក្នុងតុលាការ Delaware នៅសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ ខណៈដែលលោក Zatko ក៏នឹងត្រូវបានហៅទៅបំភ្លឺនៅក្នុងរឿងរ៉ាងនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

