អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ប្រឈមមុខនឹងការអំពាវនាវឱ្យចាប់ខ្លួន ក្រោយត្រឡប់ចូលស្រុកវិញ
(កូឡុំបូ)៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាន និងកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានការចាប់ខ្លួន រូបលោក នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានត្រឡប់មកដល់ប្រទេសស្រីលង្កាវិញ ក្រោយរស់នៅនិរទេសខ្លួន ក្រៅប្រទេសអស់រយៈពេលជាង ៧សប្ដាហ៍។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។
លោក រ៉ាចាប៉ាកសា បានធ្វើដំណើរទៅដល់រដ្ឋធានីកូឡុំបូ នៅកាលពីព្រលឹមថ្ងៃសៅរ៍នេះ ហើយបច្ចុប្បន្នលោកកំពុងស្នាក់នៅឯគេហដ្ឋានថ្មីមួយក្នុងរដ្ឋធានីក្រោម ការការពារសន្តិសុខ ដែលផ្ដល់ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe)។
តែយ៉ាងណាក៏ដោយ មេដឹកនាំក្រុមបាតុករម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាលោក រ៉ាចាប៉ាកសា គួរតែត្រូវបាននាំខ្លួនឡើងតុលាការ។ មេដឹកនាំបាតុករ រូបនេះបានគូសបញ្ជាក់បន្ថែមថា «លោក រ៉ាចាប៉ាកសា បានត្រឡប់ចូលស្រុកវិញ គឺដោយសារតែគ្មានប្រទេសណាមួយចង់ទទួលយករូបលោក។ លោកគ្មានកន្លែង ត្រូវលាក់ខ្លួនទៀតនោះទេ ហើយគួរតែត្រូវបានចាប់ខ្លួនភ្លាមៗ សម្រាប់ការបង្កវិបត្តិដល់ប្រជាជន ២២លាននាក់របស់ស្រីលង្កា។ លោកក៏គួរតែត្រូវបាននាំខ្លួនឡើង តុលាការដើម្បីទទួលការកាត់ទោសពីបទឧក្រិដ្ឋដែលលោកបានប្រព្រឹត្តផងដែរ»។
គួរបញ្ជាក់ថា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា មានអាយុ ៧៣ឆ្នាំ បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយធ្វើដំណើរទៅដល់ប្រទេស ម៉ាល់ឌីវ និងសិង្ហបុរី បន្ទាប់ពីក្រុមបាតុករសម្រុកចូលការិយាល័យប្រធានាធិបតីរបស់លោក។ លោកបានសម្រេចចិត្តលាលែងចេញពីតំណែងក្នុងពេលស្នាក់នៅ សិង្ហបុរី ហើយក្រោយមកបានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃ ជាទីដែលលោកបានដាក់ញត្តិទៅកាន់ប្រធានាធិបតីស្រីលង្កាសព្វថ្ងៃ គឺលោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដើម្បីជួយសម្រួលឱ្យលោកបានត្រឡប់ចូលស្រុកវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

