Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Instagram កំពុងខាតបង់ប្រាក់ប្រមាណជាង ៤០០លានដុល្លារ បន្ទាប់ពីនិយតករអៀឡង់រកឃើញកំហុសមួយចំនួន

BY Khmerpress September 6, 2022
Instagram កំពុងខាតបង់ប្រាក់ប្រមាណជាង ៤០០លានដុល្លារ បន្ទាប់ពីនិយតករអៀឡង់រកឃើញកំហុសមួយចំនួន

(បរទេស)៖ បណ្តាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Meta Platforms កំពុងទទួលរងការផាកពិន័យប្រមាណ ៤០២លានដុល្លារអាមេរិក បន្ទាប់ពីនិយតករអៀឡង់ បើកការស៊ើបអង្កេតលើការគ្រប់គ្រងទិន្ន័យរបស់កុមារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

និយតករអៀឡង់បានបើកការស៊ើបអង្កេតលើបុត្រសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះចាប់តាំងពីឆ្នាំ២០២០ មកម្លេះ ដោយផ្តោតសំខាន់លើអ្នកប្រើប្រាស់កុមារដែលមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ។ ខណៈការស៊ើបអង្កេតដ៏តឹងរឹងនេះបានកើតឡើងជាថ្មីម្តងទៀតបន្ទាប់ពីរកឃើញភាពមិនប្រក្រតីមួយចំនួនដែលបណ្តាញសង្គម Instagram អនុញ្ញាតឱ្យកុមារអាចដំណើរការគណនីអាជីវកម្ម «Business Account» របស់ពួកគេ ក៏ដូចជាបទសមគំនិតដែលអនុញ្ញាតឱ្យក្មេងអាយុក្រោម ១៨ឆ្នាំអាចដាក់លេខទូរស័ព្ទ និងប្រើប្រាស់អុីម៉ែល ក្នុងគណនីអាជីវកម្ម។

តាមការឱ្យដឹងពីអ្នកនាំពាក្យ គណៈកម្មការការពារទិន្នន័យ (DPC) របស់ប្រទេសអៀឡង់ បានលើកឡើងថា «យើងបានអនុម័តការសម្រេចចិត្តចុងក្រោយរបស់យើងកាលពីថ្ងៃសុក្រសប្តាហ៍មុន រួចរាល់ហើយទៅលើកំហុសរបស់ Instagram ដោយយើងសម្រេចពិន័យជាប្រាក់ចំនួន ៤០៥លានអឺរ៉ូ ដែលស្មើនឹង ៤០២លានដុល្លារអាមេរិក»។ អ្នកនាំពាក្យបានបន្ថែមទៀតថា ចំពោះព័ត៌មានលម្អិតទាក់ទិននឹងបញ្ហានេះនឹងត្រូវចេញផ្សាយជាផ្លូវការនៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ដែរថា DPC គឺជានិយតករគ្រប់គ្រងទិន្នន័យរបស់ Facebook, Apple, Google និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងទៀត ទាំងនេះក៏ដោយសារតែទីតាំងនៃទីស្នាក់ការកណ្តាលរបស់ពួកគេស្ថិតនៅក្នុងប្រទេសអៀឡង់។ ហើយលើសពីនេះទៅទៀត DPC បានបើកការស៊ើបអង្កេតជាច្រើនទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta រួមទាំងបុត្រសម្ព័ន្ធ Facebook និង WhatsApp ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: