Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ៦០០លានដុល្លារ សម្រាប់អ៊ុយក្រែន

BY Khmerpress September 16, 2022
សហរដ្ឋអាមេរិក ប្រកាសពីកញ្ចប់ជំនួយយោធាថ្មី ៦០០លានដុល្លារ សម្រាប់អ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់ ៦០០លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ដោយផ្អែកលើកំណត់ហេតុមួយរបស់សេតវិមានបញ្ជូនឱ្យក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងទៀតថាលោក ចូ បៃដិន បានអនុម័តការផ្ដល់កញ្ចប់ជំនួយយោធាបន្ថែមខាងលើ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ឬ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រធានាធិបតីអនុម័តលើការបញ្ជូនអាវុធយកចេញពីឃ្លាំងស្ដុកអាវុធរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីល HIMARS ហើយបើតាមកំណត់ហេតុសេតវិមាន កញ្ចប់ជំនួយនេះ ក៏នឹងត្រូវបានប្រើប្រាស់សម្រាប់ការបណ្ដុះបណ្ដាលយោធាផងដែរ ខណៈមកទល់នឹងពេលនេះទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា បានបញ្ជូនអាវុធក្នុងទំហំទឹកប្រាក់ ១៥.១ពាន់លានដុល្លារហើយចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: