ទីបំផុត! អាណាព្យាបាល និងសិស្ស ចូលខ្លួនទទួលកំហុសចំពោះបញ្ហាមិនគោរពវិន័យសាលា
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ BTV News នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូលខ្លួនទទួលកំហុសទាំងសងខាងរឿងសិស្សមិនគោរពវិន័យសាលា។
លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV ថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ជិត៨០០នាក់ ប្រមូលផ្តុំគ្នាធ្វើសកម្មភាពគូររូប ចុះហត្ថលេខានិង សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា និងសិស្សបានសហការប្រមូលអាវ ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។
អាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម សារព័ត៌មានបង្ហោះផ្សាយរូបគ្រូវ៉ៃស្មាកូនស្រី លោកស្រីមានការតក់ស្លុត និងបានណែនាំកូនត្រូវគោរពវិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ហើយលោកស្រី ក៏បានស្នើសុំបណ្តាញអ្នកសារព័ត៌មានសង្គមFacebook ជាដើម ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រីសម្រួលអារម្មណ៍ចូលរៀនធម្មតាវិញ និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានសរសេរសារគំាទ្រដំណោះស្រាយរួម រវាងអាណាព្យាបាល សិស្ស និងគណៈគ្រប់គ្រងសាលានេះ ហើយក៏សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាននិងបន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់គុណភាពអប់រំកម្ពុជា ជាពិសេសនោះ ការលុបបំបាត់អំពើហិង្សាដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕ ប្រភព៖ BTV News






