Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យបង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងព្រមានដកមន្ត្រីដែលមិនបង្ក្រាបល្បែង

    BY Khmerpress September 17, 2022
    សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យបង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងព្រមានដកមន្ត្រីដែលមិនបង្ក្រាបល្បែង

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

    ក្នុងសារសំលេងខ្លាំងៗបញ្ជូនមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឹងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឹងម៉ាត់ ត្រូវតែដាច់ខាត»។

    សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ល្បែងស៉ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងនេះ។

    ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល បានដាក់បញ្ជាឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ ដែលបើកឱ្យមានលេងល្បែងស៉ីសង។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ត្រូវធ្វើវិធានការនេះឱ្យដាច់ណាត់បំផុត ហើយវាគ្មានការចាំបាច់មករំខាននាយករដ្ឋមន្ត្រីនោះទេ។ ប្រសិនបើអស់លោកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ដែលបញ្ជាទៅលើកម្លាំងនគរបាលជាតិ»។

    សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «តែបញ្ហានៅត្រង់អស់លោក ចំណោទបញ្ហាតើច្រវាចិញ្ចឹមឆ្តោ ឬយ៉ាងណា?»។

    សម្តេចតេជោ ក៏បានអំពាវនាវទៅកាន់អ្នកធ្វើអាជីវកម្មទាំងឡាយ បើមិនចង់ឱ្យអាជីវកម្មរបស់ខ្លួន ត្រូវបិទទ្វារទេនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ពីល្បែងស៉ីសងខុសច្បាប់។

    សម្តេចតេជោ បានគូសរំលេចទៀតថា បទបញ្ជានេះគឺដើម្បីនាំមកនូវសេចក្តីសុខ សុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៉ីសង។

    ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មុខសញ្ញាល្បែងដែលត្រូវបង្ក្រាបរាប់ទាំងឆ្នោតឡូតូ និងកន្ទុយលេខផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: