ហាងលក់គុយទាវ ហាងកាហ្វេណាដែលបង្កប់ល្បែង ត្រូវតែបិទអាជីវកម្មចោល មិនឱ្យប្រកបរបររកស៊ីតទៀតទេ
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារសំឡេងពិសេសមួយ ដែលក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា៖ “ខ្ញុំ សូមចេញបញ្ជាដោយម៉ឺងមាត់បំផុត សូមឱ្យចាត់វិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ខ្ញុំមិនស្ទាក់ស្ទើនូវការដកចេញពីមុខតំណែងនូវអភិបាលខេត្ត-រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលឃើញថា មិនទទួលខុសត្រូវនូវមុខងាររបស់ខ្លួន។
យើងមិនអាចបង្កឱ្យមានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យនេះតទៅទៀតទេ វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ដោយមនុស្សច្រើនលក់គោ លក់ក្របី ត្រូវលក់ដីធ្លី ដើម្បីចាញ់ល្បែងដូចជាការជល់មាន់ រហូតដល់មានប្រភេទជល់មាន់តាម Online (អនឡាញ) នៅតាមតុកាហ្វេ តាមទីកន្លែងនានា។ សារព័ត៌មាន បានជួយចុះផ្សាយ ក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្ដាអធិការស្រុក ភូមិ មិនព្រមអើពើ មិនព្រមបង្ក្រាប។ ក្នុងឱកាសនេះ ក៏សូមបញ្ជាក់ទៅអស់លោក ទីតាំងបនល្បែងស៊ីសងទាំងឡាយ ដែលធ្វើអាជីវកម្ម ដូចជា ហាងលក់គុយទាវ ហាងកាហ្វេ បង្កប់ដោយល្បែង ត្រូវតែបិទចោល ដោយមិនឱ្យប្រកបរបររកស៊ីតទៀតនោះទេ គឺបិទមិនឱ្យធ្វើអាជីវកម្មតទៅទៀត” ៕ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត


