គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងចាប់ផ្ដើមបោសសម្អាតល្បែងស៉ីសង់ខុសច្បាប់ និងកុងស៉ីបញ្ចាំខុសច្បាប់ ចាប់ពីយប់នេះទៅ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមបោសសម្អាតទីតាំងបើកល្បែងស៉ីសង់ខុសច្បាប់ និងកុងស៉ីបញ្ចាំខុសច្បាប់ ចាប់ពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានានៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។
លោក ឃួង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយកាលពីព្រឹកមិញ ដោយឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការព្រមានដកតំណែងផងដែរ។ លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយតំណាងអយ្យការ ដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។
លោកបន្ដថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កឲ្យមានបទល្មើស លួចឆក់ប្លន់។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងឲ្យដូចភ្លៀងរលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាប ឬមិនបានដឹង នោះនឹងប្រឈមទៅនឹងការដកតំណែងហើយ។
សូមរំលឹកថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ លោកតែងបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ១៤ បន្តបង្ក្រាបឲ្យបានដូចភ្លៀងរលឹម។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ។ សម្តេតេជោ បានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឱ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងសារសំលេងខ្លាំងៗបញ្ជូនមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋនៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមចាត់វិធានការដាច់ណាត់ និងទាន់ពេលវេលាបំផុត។ ខ្ញុំមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលរាជធានី-ខេត្ត អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវរបស់ខ្លួន។ ខ្ញុំសូមជម្រាបជូនថា មិនអាចបណ្តោយសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យ នៅក្នុងបនល្បែងទៀតទេត្រូវម៉ឺងម៉ាត់ ត្រូវតែដាច់ខាត»។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ល្បែងស៉ីសងទាំងនេះមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឲ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែងត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង ដោយសារតែល្បែងនេះ៕ផ្តល់សិទ្ធិដោយ៖ Freshnews

