Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារទៅជាធ្យូងអនាម័យដែលអាចរកចំណូលបាន ៤០០០ដុល្លារក្នុងមួយខែ

    BY Khmerpress September 27, 2022
    យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារទៅជាធ្យូងអនាម័យដែលអាចរកចំណូលបាន ៤០០០ដុល្លារក្នុងមួយខែ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យុវជន លី សុវណ្ណដា មានគំនិតច្នៃអាចម៍រណារទៅជាធ្យូងអនាម័យដែលអាចរកចំណូលបាន ៤០០០ដុល្លារក្នុងមួយខែ ខណៈដែលបច្ចុប្បន្នធ្យូងអនាម័យកំពុងមានតម្រូវការនៅតាមហាង និងមានតម្លៃសមរម្យ។

    យុវជន លី សុវណ្ណដា អាយុ ២៨ឆ្នាំ ជាអ្នកច្នៃអាចម៍រណារផលិតចេញជាធ្យូងអនាម័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានបើកសិប្បកម្មកែច្នៃអាចម៍រណារយកមកធ្វើជាធ្យូងអនាម័យដើម្បីផ្គត់ផ្គង់ក្នុងស្រុកក៏ដូចជានាំចេញទៅកាន់រាជធានីខេត្តផ្សេងៗ ជាង២ឆ្នាំមកហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។

    លោកបានបន្តថា សម្រាប់បច្ចេកទេសក្នុងការផលិតធ្យូងអនាម័យគឺលោកបានសិក្សាតាមអិនធើណិតផង និងមានការផ្ដល់មតិយោបល់ ពីមិត្តភក្តិក៏ដូចជាការស្វែងយល់តម្រិះវិជ្ជាខ្លះៗពីជនជាតិចិនដែលធ្លាប់បានធ្វើការជាមួយគ្នា។ លោកបានបន្ថែមថា ក្នុងមួយខែលោកអាចផលិតធ្យូងអនាម័យបានប្រមាណ ១០ទៅ ១៥តោនក្នុងមួយខែ និងអាចរកចំណូលបានពីចន្លោះ ៤០០០ដុល្លារទៅ ៥០០០ដុល្លារក្នុងមួយខែ។

    លោកបានបញ្ជាក់ថា មូលហេតុដែលលោកបើកសិប្បកម្មកែច្នៃអាចម៍រណារមកធ្វើធ្យូងអនាម័យដោយលោកក្រឡេកឃើញពីទីផ្សារក្នុងពេលបច្ចុប្បន្នធ្យូងអនាម័យ កំពុងមានទីផ្សាល្អជាពិសេសចង់រួមចំណែកក្នុងការលុបបំបាត់ការកាប់បំផ្លាញព្រៃឈើយកមកផលិតជាធ្យូងសម្រាប់យកមកប្រើប្រាស់ប្រចាំថ្ងៃ។

    សូមបញ្ជាក់ថា សិប្បកម្មផលិតធ្យូងអនាម័យរបស់យុវជន លី សុវណ្ណដាស្ថិតនៅភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កើតនៅឆ្នាំ២០២១ ដោយសព្វថ្ងៃមានការបញ្ជាទិញពីអតិថិជននៅខេត្តព្រះសីហនុ កោះកុង និងនៅរាជធានីភ្នំពេញ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: