វៀតណាម បន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកជាព្យុះត្រូពិក តែព្រមានពីទឹកជំនន់
(ហាណូយ)៖ វៀតណាម នៅថ្ងៃពុធនេះបានបន្ធូរបន្ថយកម្រិតព្យុះទីហ្វុង Noru មកនៅត្រឹមជាព្យុះត្រូពិកវិញ ប៉ុន្តែបានព្រមានឱ្យប្រជាជននៅតែបន្តការប្រុងប្រយ័ត្ន ខ្ពស់ជានិច្ច ចំពោះហានិភ័យនៃគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ព្យុះទីហ្វុង Noru បានវាយប្រហារលើខេត្ត កាងណាំ (Quang Nam) ជាមួយល្បឿនខ្យល់បក់ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃអង្គារ ឈានចូល ថ្ងៃពុធនេះ។
ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ជនរងគ្រោះណាមួយនៅឡើយទេ ប៉ុន្តែរូបភាពជាច្រើនត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញពីដើមឈើ ជាច្រើនដើមដួលរលំ និងល្បាប់ភក់នៅពាសពេញផ្លូវថ្នល់។ មុនបក់បោកមកដល់វៀតណាម ព្យុះទីហ្វុង Noru គឺជាព្យុះដ៏កំណាចមួយដែលបានវាយប្រហារលើ ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២២នេះ ដោយផ្ដាច់ជីវិតមនុស្ស ៨នាក់ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

