Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ជាពិសេសវាមានប្រូតេអ៊ីនច្រើនចំពោះសុខភាពរាងកាយមនុស្ស

    BY Khmerpress September 28, 2022
    ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ជាពិសេសវាមានប្រូតេអ៊ីនច្រើនចំពោះសុខភាពរាងកាយមនុស្ស

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពូជខ្យងប័ររបស់កសិដ្ឋាន៤០០ កំពុងមានទីផ្សារល្អ ងាយស្រួលចិញ្ចឹមជាពិសេសវាមានប្រូតេអ៊ីនច្រើន ចំពោះសុខភាពរាងកាយមនុស្ស និងអាចយកមកផលិតជាចំណីសត្វផងដែរ។

    លោក ហាច ឆន ស្ថាបនិកចិញ្ចឹមខ្យងប័រ និងជាម្ចាស់កសិដ្ឋាន៤០០ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបាន ចិញ្ចឹមខ្យងប័រនេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។ លោកបានបន្តថា សម្រាប់ពូជខ្យងប័រនេះ គឺនាំយកពូជមកពីប្រទេសជប៉ុន ដើម្បីយកមកបង្កាត់ពូជចិញ្ចឹមតាមបែបធម្មជាតិ ហើយខ្យងប័រនេះដែរ គឺវាស៊ីអាសូឡា និងបន្លែ ជាចំណីអាហារ។

    លោកបានបន្ថែមថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ ដោយវាធន់នឹង អាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ហើយយើង អាចចិញ្ចឹមវាក្នុងអាងទឹក លូថ្ម តង់ និងឱ្យវាស៊ីបន្លែផ្លែឈើទុំដូចជា៖ ផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេល៣ ទៅ ៥ខែ ទើបអាចប្រមូលផលបាន។

    លោកបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ លោកទទួលបានការគាំទ្រច្រើនពីអតិថិជនដែលទិញយកទៅបរិភោគ និងយកទៅចិញ្ចឹមលក់បន្ត ពីព្រោះខ្យងនេះមានរសជាតិឆ្ងាញ់ មិនរឹងពេក មិនទន់ពេក ងាយស្រួលក្នុងការទំពារ និងមានរូបរាងពណ៌សម្បុរស្អាត ជាពិសេសមានអត្ថប្រយោជន៍ក្នុងការជួយទ្រទ្រង់ ចំពោះសុខភាពរាងកាយមនុស្ស និងសំបករបស់វា យើងអាចយកមកកិនធ្វើជាចំណីឱ្យមាន់ ដើម្បីវាមានសុខភាពល្អរឹងមាំ មាន់ឆាប់ធំធាត់លឿន។

    សំឡេង៖ «ទាក់ទងនឹងបច្ចុប្បន្ននេះទីផ្សាររបស់ខ្យងគឺកំពុងមានទីផ្សារល្អហើយតម្លៃរបស់វាគឺថ្លៃ រហូតដល់១គីឡូ ១០០ដុល្លារ ហើយអំពីសុខភាពវាជួយទៅដល់សុខភាពបានច្រើន ជាពិសេសសុខភាពបន្តពូជ ហើយវាមានប្រូតេអ៊ីនខ្ពស់មែនទែន ដែលជួយដល់ការសាងសង់រាងកាយកុមារ យុវវ័យ ជាពិសេសសម្រាប់រាងកាយមនុស្សតែម្ដង»។

    សូមបញ្ជាក់ថា កសិដ្ឋាន៤០០ មានទីតាំង ស្ថិតនៅក្នុងភូមិអូរណា ឃុំស្រែភ្ជុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយលោកបានចាប់យកមុខរបរផ្នែកកសិកម្មនេះ អស់រយៈពេលជាង៦ឆ្នាំមកហើយ និងសព្វថ្ងៃកំពុងចិញ្ចឹមពូជខ្យងប័រប្រមាណ ៣០០អាង ដែលមានតម្លៃពងខ្យង ២៥០ដុល្លារ ក្នុង ១គីឡូក្រាម និងពូជខ្យងសាច់ខ្យង ក្នុង១គីឡូក្រាម ១០០ដុល្លារ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: