មន្ទីរពេទ្យបង្អែកស្រុកក្នុងខេត្តសៀមរាបចំនួន២ រងការជន់លិចដោយសារជំនន់ទឹកភ្លៀង
(សៀមរាប)៖ មន្ទីរពេទ្យបង្អែកស្រុកចំនួន២ នៃខេត្តសៀមរាប បាននិងកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀង។ ទោះរងផលប៉ះពាល់ តែមន្ទីរពេទ្យទាំងនោះ នៅដំណើរការបម្រើសេវាព្យាបាលដល់អ្នកជំងឺជាធម្មតា។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មន្ទីរពេទ្យបង្អែកដែលជន់លិចទាំងនោះ រួមមាន មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ លោកប្រធានមន្ទីរបញ្ជាក់ថា នៅស្រុកអង្គរជុំ បានចាប់ផ្តើមលិចនៅថ្ងៃទី២៣ និងស្រុកទៅវិញ នៅថ្ងៃទី២៧ ខែកញ្ញា ចំណែកស្រុកក្រឡាញ់ចាប់ផ្តើមលិចពីថ្ងៃទី២៥ ខែកញ្ញាមក ហើយមកដល់ពេលនេះ មិនទាន់ស្រកវិញទេ គឺកាន់តែលិចខ្លាំងជាងមុនទៀត បើមើលស្ថានភាពនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា។
ការជន់លិចនេះ ក្រៅពីរំខានដល់ការបម្រើសេវាព្យាបាលជំងឺដល់ប្រជាពលរដ្ឋហើយនោះ ក៏ប៉ះពាល់ដល់សម្ភារមួយចំនួនក្នុងមន្ទីរពេទ្យផងដែរ ដូចជា ទូររក្សាវ៉ាក់សាំង ឯកសារ តុ ទូរ ទ្វា ស្រុតអាគារ និងខូចខាតសម្ភារមួយចំនួនទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews









