ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ចំនួន៦លានដុល្លារបន្ថែមសម្រាប់ដោះស្រាយនៅតំបន់អភិវឌ្ឍរុនតាឯក
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បាឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ចំនួន៦លានដុល្លារបន្ថែមសម្រាប់ដោះស្រាយបញ្ហាផ្សេងៗនៅតំបន់អភិវឌ្ឍរុនតាឯក ដើម្បីប្រែក្លាយទៅជាតំបន់ដែលមានសក្ដានុពលសម្រាប់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅតំបន់នេះ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២,៨៥០គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកនៅតំបន់អភិវឌ្ឍរុនតាឯក ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនេះ សម្ដេចមានការកោតសរសើរទៅដល់គ្រប់ស្ថាប័នទាំងអស់ដែលបានចូលរួមធ្វើសកម្មភាពទាំងអស់តាំងពីវិស័យទឹក វិស័យអគ្គិសនី សាលារៀន មន្ទីពេទ្យ និងវិស័យផ្សេងៗទៀត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោបានបន្តថា មានការងារជាច្រើននិងថវិកាជាច្រើនដែលយើងត្រូវធ្វើសម្រាប់ការអភិវឌ្ឍ នៅតំបន់រុនតាឯកនេះឱ្យប្រែក្លាយទៅជាតំបន់ដែលមានសក្ដានុពលសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះឱ្យមានជីវភាពធូរធារ ហើយកត្តាទាំងអស់នេះគឺមានតែនាយករដ្ឋមន្ត្រី ម្នាក់គត់ ដែលមានសិទ្ធិសម្រេចក្នុងការផ្តល់កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍នៅតំបន់នេះ ឱ្យចំទិសដៅ និងប្រសិទ្ធភាព។
(តាំងពីម៉ោងប្រាំកន្លះព្រឹក សម្រេចផ្ដល់ប្រាក់៦លានដុល្លារបន្ថែមទៀត អ៊ីចឹងអ្នកដែលមានសិទ្ធិសម្រេចប្រាក់ គឺទាល់តែនាយករដ្ឋមន្ត្រី ហើយមានតែនាយករដ្ឋមន្ត្រីមួយគត់ ដែលមានសិទ្ធិសម្រេចរឿងនេះ រឿងលុយ ព្រោះយន្តការ នៃការសម្រេច ក្នុងបញ្ហាប្រាក់ យើងអនុវត្តនូវយន្តការ អគ្គបញ្ជាការមួយ និងអគ្គសេនាធិការមួយ អគ្គបញ្ជាការជាអ្នកណា គឺនាយករដ្ឋមន្ត្រី អគ្គសេនាធិការជាអ្នកណា គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ៊ីចឹងឧទាហរណ៍ងាកទៅនេះខ្វះ ងាកទៅនោះខ្វះ ធ្វើយ៉ាងម៉េចចេញ អ៊ីចឹងបានជា រឿងរ៉ាវ នៅតំបន់អង្គរនេះ ទាមទារឱ្យខ្ញុំផ្សារភ្ជាប់ ខ្លួននៅទីនេះ ជាមួយនឹងសេនាធិការ)។
សូមបញ្ជាក់ថា មកទល់ពេលនេះ មានប្រជាពលរដ្ឋជាង៤ពាន់គ្រួសារហើយ បានស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់មករស់នៅតំបន់អភិវឌ្ឍរុនតាឯក គឺក្នុងមួយគ្រួសារៗ ទទួលបានដីចំនួន១ឡូត៍ ទំហំ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ខណៈដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍតំបន់នេះ លើគ្រប់វិស័យ និងហេដ្ឋរចនាសម័្ពន្ធជាច្រើនទៀតដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕ ប្រភព៖ ក្រសួងព័ត៌មាន

