ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គាម៉ល ថ្មី ទំនើប ផាសុកភាព ត្រូវបានបើកសម្ពោធជាផ្លូវការ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ដែលស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងក្នុងពេលថ្មីៗនេះ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ថ្នាក់ដឹកនាំធនាគារ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។



ការសម្ពោធសាខាថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងឲ្យសេវាកម្មនិងផលិតផលរបស់ធនាគារ ជីប ម៉ុង កាន់តែនៅកៀកជិតអតិថិជនគ្រប់ពេលវេលាប្រកបដោយប្រណីតភាព វិជ្ជាជីវៈ និងច្នៃប្រឌិតខ្ពស់បំផុត។

ក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងភាគទុនិក ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានថ្លែងបន្ថែមពីសេចក្តីរាយការណ៏ពីសមិទ្ធផលដែលទទួលបានកន្លងមកថា «ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបញ្ចេញផលិតផលថ្មីមួយទៀតទៅក្នុងទីផ្សារ គឺផលិតផលកាតដែលនឹងនាំយកអត្ថប្រយោជន៍ដែលពុំមានពីរ ប្រកបដោយប្រណីតភាព និងសម្បូរបែបបំផុតមកជូនអតិថិជនរបស់យើងក្នុងពេលឆាប់ៗផងដែរ។»
ក្នុងឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានសម្ពោធ និងដំណើរការសាខាថ្មីចំនួន៤ដែលរួមមាន ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាសែនសុខ សាខា៥៩៨ សាខាវេងស្រេង និងសាខា២៧១ មេហ្គា ម៉ល។

ចំណែក ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអបអរសាទរ និងមានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីដាក់ដំណើរការធនាគារជីបម៉ុងសាខា២៧១ ម៉េហ្គាម៉ល។ ឯកឧត្តម បានកោតសរសើរ ក្រុមហ៊ុន Chip Mong group ដែលមានពាណិជ្ជកម្មក្នុងវិស័យធុរកិច្ចជាច្រើន និងទទួលបានសមិទ្ធផលល្អប្រសើរជាបន្តបន្ទាប់ និងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងនោះធនាគារ Chip Mong ទទួលបានអាជ្ញាប័ណ្ឌប្រតិបត្តិការធនាគារពាណិជ្ជ នៅដើមឆ្នាំ២០១៩ និងបានបង្កើតសាខាធនាគារជាច្រើនកន្លែង។
ឯកឧត្តមបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារជីប ម៉ុង ដែលបានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ក្នុងការពង្រីកបណ្តាញសហប្រតិបត្តិការ តាមរយៈការបើកសាខាថ្មីៗជាបន្តបន្ទាប់ និងសង្ឃឹមថាធនាគារនឹងបន្តចូលរួមចំណែកក្នុងការពង្រីកសេវាធនាគារឱ្យកាន់តែទូលំទូលាយ តាមរយៈការនាំមកនូវបទពិសោធន៍បច្ចេកវិទ្យា និងផលិតផលហិរញ្ញវត្ថុថ្មី ដើម្បីបំពេញតម្រូវការរបស់អតិថិជនថែមទៀត៕






