អាជ្ញាធរថៃឃាត់ខ្លួនមនុស្ស ២នាក់ពាក់ព័ន្ធករណីកាន់កាប់និងចែកចាយលុយក្លែងក្លាយជាង ៩០ម៉ឺនដុល្លារ
ថៃ៖ មនុស្ស ២នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកាន់កាប់លុយក្លែងក្លាយជាង ៩០០,០០០ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែតុលានេះ។ បើតាមលោក Torsak Sookwimon ស្នងការរងប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា ការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានធ្វើឡើង ក្រោយអាជ្ញាធរថៃបានប្រទះឃើញមានលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹកត្រូវដាក់ឲ្យចរាចរណ៍នៅលើទីផ្សារ ហើយក្រោយមកខាងប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតជាបន្តបន្ទាន់ជាច្រើនដងរហូតរកឃើញមុខសញ្ញាកាន់កាប់និងចែកចាយលុយក្លែងក្លាយខាងលើនេះ។
លោកស្នងការរងរូបនេះបានបន្តថា ជនសង្ស័យទាំង ២រូបនោះរួមមាន ស្រ្តីជនជាតិថៃម្នាក់ឈ្មោះ Monsagee La-ong-nuan អាយុ ៤៩ឆ្នាំ និងម្នាក់ទៀតជាបុរសជនជាតិថៃមានឈ្មោះថា Phanudeth Wongnamnong អាយុ ៥៨ឆ្នាំ ហើយក្រោយពេលឃាត់មនុស្សទាំង ២នាក់នេះ អាជ្ញាធរអាចរឹបអូសបានលុយក្លែងក្លែងក្រដាស ១០០ដុល្លារជាច្រើនសន្លឹក ដែលមានតម្លៃសរុបជាង ៩០០,០០០ ដុល្លារ។ យោងទៅតាមច្បាប់នៅក្នុងប្រទេសថៃគឺជនខិលខូចទាំង ២រូបនេះអាចប្រឈមនឹងការជាប់គុកក្នុងចន្លោះរយៈពេលពី ៥ ទៅ ១០ឆ្នាំ និងត្រូវពិន័យជាប្រាក់ចន្លោះពី ១០,០០០-២០,០០០បាត (២៦២-៥២៤ ដុល្លារ) ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
