Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

BY Khmerpress October 12, 2022
លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកមិនជឿឡើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងប្រើ អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីលោកផ្ទាល់បានព្រមានពីហានិភ័យខ្ពស់នៃសង្រ្គាមនុយក្លេអ៊ែរកាលពីសប្ដាហ៍ មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយ CNN នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅពេលដែលត្រូវបានសាកសួរថាតើមាន ភាពប្រាកដប្រជាកម្រិតណាដែលលោក ពូទីន អាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយយ៉ាងខ្លីថា «ជាការពិត ខ្ញុំមិនគិតឡើយថាគាត់នឹងប្រើ (អាវុធនុយក្លេអ៊ែរ)»។ ប៉ុន្តែ លោកបន្ថែមទៀតថាការសម្លុតគំរាមពីរុស្ស៉ីអាចនឹងក្លាយជាកំហុសមួយដ៏ មហន្តរាយ និងការគណនាខុស ដោយមិនបានបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតបបែបណានោះទេ ប្រសិនបើលោក ពូទីន ពិតជាប្រើ អាវុធនុយក្លេអ៊ែរតាក់ទិកប្រឆាំងនៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែនមែននោះ។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក ចូ បៃដិន ក៏បានបញ្ជាក់ឡើងវិញផងដែរថាលោក ពូទីន បានគិតខុសដែលយល់ថា អ៊ុយក្រែនអាចនឹងចុះចាញ់ការឈ្លានពានរបស់រុស្ស៉ី ហើយការគិតខុសនេះកំពុងបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: