ព័ត៌មានអន្តរជាតិ October 13, 2022

ទីក្រុងញូវយ៉កប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ឆ្លើយតបទៅនឹងការកើនឡើងលំហូរចូលនៃជនចំណាកស្រុក

Khmerpress

យោងតាមសារព័ត៌មាន Thairath បានឱ្យដឹងថា លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ ប្រភពបាន​បញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមបញ្ជូនចេញនូវជនអន្តោប្រវេសន៍ទាំងនោះ ទៅកាន់តំបន់គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden ដែលបើកទូលាយឱ្យមានលំហូរចូលយ៉ាងខ្លាំង នៅព្រំដែនអាមេរិក-ម៉ិកស៊ិក»។

លោក Eric Adams បាន​និយាយ​ថា ចាប់តាំង​ពី​ខែ​កញ្ញា​កន្លង​ទៅ មានឡានក្រុង ៥-៦ គ្រឿង បានដឹកជនអន្តោប្រវេសន៍ទៅរដ្ឋ New York ជារៀងរាល់ថ្ងៃ ដោយភាគច្រើនមកពីគ្រួសារដែលមានកូនតូចៗ កំពុងស្ថិតក្នុងវ័យសិក្សា និងត្រូវការការថែទាំវេជ្ជសាស្រ្ត។ ជាមួយគ្នានេះ មនុស្ស​ប្រហែល ១ នាក់ ​ក្នុង​ចំណោម ៥ នាក់​ កំពុងសម្រាកនៅ​ជម្រក​បណ្ដោះអាសន្ន ហើយកំពុងតែធ្វើការស្នើសុំសិទ្ធិជ្រកកោន។ លោក Adams បានបន្តទៀតថា ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងល្អបំផុតពីរដ្ឋ New York ក្នុងការជួយក៏ដោយ ប៉ុន្តែវាក៏ទាមទារនូវថវិកា ១ ពាន់លានដុល្លារ ជាប្រចាំឆ្នាំ ដោយលោក​បាន​ស្នើ​ឱ្យរដ្ឋាភិបាល​សហព័ន្ធ​ ជួយ​ផ្តល់​ថវិកា​សម្រាប់បង្កើត​ទីជម្រក និង​ជំនួយដល់ជនអន្តោប្រវេសន៍ទាំងនេះ។

ក្រៅពីនេះលោក Eric Adams ក៏បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធចាត់វិធានការផ្លូវច្បាប់ ដើម្បីអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ស្វែងរកការងារធ្វើដោយស្របច្បាប់ និងរៀបចំផែនការបញ្ជូនជនចំណាកស្រុកទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត