Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ADB អនុម័ត​ហិរញ្ញប្បទាន​ ៣២,៥ ​លាន​ដុល្លារ ដល់កម្ពុជា ដើម្បី​ជំរុញ​សេវា​​សុខាភិ​បាល​ តាមខេត្ដជាប់​ព្រំ​ដែន

    BY Khmerpress October 20, 2022
    ADB អនុម័ត​ហិរញ្ញប្បទាន​ ៣២,៥ ​លាន​ដុល្លារ ដល់កម្ពុជា ដើម្បី​ជំរុញ​សេវា​​សុខាភិ​បាល​ តាមខេត្ដជាប់​ព្រំ​ដែន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័តហិរញ្ញប្បទានចំនួន ៣២,៥ លានដុល្លារ ដើម្បី​បង្កើន​​លទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាពនៅក្នុងខេត្តបន្ទាយ​មាន​ជ័យ ដែលជាខេត្តជាប់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា និងជាតំបន់ដែល​ពលរដ្ឋ​ចំណាកស្រុកចាកចេញ និងត្រឡប់មកវិញ ព្រមទាំងជាទីតាំងសម្រាប់អ្នក​ដែល​​ស្វែងរក​ការ​ងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្ត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

    ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងសុខភាពតំបន់ព្រំដែន​មហាអនុតំបន់​ទន្លេ​មេគង្គ(GMS)កម្ពុជា នឹងពង្រីកការគ្របដណ្តប់​នៃការថែទាំសុខភាពសម្រាប់ពលករចំណាក​ស្រុកដែលសេវានៃប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងក្រៅ​ប្រទេសមិនទាន់ទៅដល់ និង​សម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលជនចំណាកស្រុកឆ្លងកាត់ និង​រស់នៅ។

    គម្រោង​នេះ នឹងបង្កើនកម្ចីសម្បទានចំនួន ២៧ លានដុល្លារ និងជំនួយរហូតដល់ ៥,៥ លាន​ដុល្លារ​ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ និងបំពាក់បរិក្ខារសុខាភិបាលនៅតាមតំបន់​ព្រំដែន ពង្រីក​កិច្ច​គាំពារហិរញ្ញវត្ថុទាក់ទងនឹងការថែទាំសុខភាពដល់ជនចំណាកស្រុក និង​ពង្រឹង​ប្រព័ន្ធសម្រាប់​សមា​ហ​រណ​​​កម្ម​​នៃការផ្តល់សេវាសុខាភិបាលឆ្លងកាត់ព្រំដែន រួមទាំង​ការបង្កើតឱ្យមានកំណត់ត្រាសុខភាព​អេឡិច​ត្រូនិកចល័តសម្រាប់ជនចំណាកស្រុកផងដែរ។

    មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍​ លោក Rikard Elfving បានគូសបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់ នៅទូទាំង​មហា​អនុតំបន់មេគង្គបាន​ជំរុញ​កំណើនសេដ្ឋកិច្ច ក៏ដូចជាការចល័តរបស់មនុស្សកាន់តែ​ច្រើន​ដើម្បីស្វែងរកការងារ និងឱកាសកាន់​តែ​ប្រសើរ។ វាក៏បានបង្កជាបញ្ហាប្រឈមផ្នែកសុខភាព​ ដែលទាក់ទងនឹងការចល័តរបស់មនុស្សសម្រាប់តំបន់​​​ព្រំ​ដែន​ដែលភ្ជាប់ទៅនឹងច្រករបៀង​សេដ្ឋកិច្ចសំខាន់ៗ។»

    បើតាម ADB ប្រព័ន្ធសុខាភិបាលនៅតាមតំបន់ព្រំដែនជារឿយៗ មិនទាន់​មាន​លក្ខណៈគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅ​នឹងបញ្ហាប្រឈមផ្នែកសុខភាពដែលទាក់ទងនឹងការ​ចល័ត​របស់មនុស្ស ដូចដែលបានឃើញ​ក្នុងអំឡុង​ការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេល​ដែលពលករចំណាកស្រុកកម្ពុជាជាង ២៦០ ០០០ នាក់ បាន​ត្រឡប់មកផ្ទះវិញ។ ទន្ទឹមនេះ ពួកគាត់ភាគច្រើនបានត្រឡប់មកវិញតាមព្រំដែនដីគោកជាមួយប្រទេសថៃ ដែលបាន​ធ្វើឱ្យ​ហួសសមត្ថភាពនៃប្រព័ន្ធសុខាភិបាលនៅតាមព្រំដែនក្នុងការកំណត់ ធ្វើចត្តាឡីស័ក​ និងព្យា​បាល​ករណីកូវីដ១៩។

    លោក Rikard Elfving បានលើកឡើងថា បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ បាន​ឯកភាពរួមគ្នាលើតម្រូវការក្នុងការពង្រឹងការការពារ សហគមន៍ងាយរងគ្រោះពីផលប៉ះ​ពាល់​សុខភាពនៃការធ្វើសមាហរណកម្មក្នុងតំបន់ និងបានផ្តល់អាទិភាព ដល់ការពង្រឹង​ប្រព័ន្ធ​សុខាភិបាលនៅតាមតំបន់ព្រំដែន។ លោកបានបន្ដថា ការវិនិយោគលើប្រព័ន្ធសុខាភិបាល​ប្រកប​ដោយ បរិយាបន្នសម្រាប់ជនចំណាកស្រុកនឹងជួយសម្រួលដល់ការបន្តការ​ធ្វើចំ​ណាក​ស្រុកដោយសុវត្ថិភាព ដែលមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញក្រោយកូវីដ១៩ ក្នុង​មហាអនុតំបន់។

    លោក Rikard Elfving មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB ប្រចាំតំបន់អាស៊ី​អាគ្នេយ៍បានបន្ថែមថា៖ «គម្រោងសុខភាពតំបន់ព្រំដែនមហាអនុតំបន់ទន្លេមេគង្គនេះ​ នឹងផ្អែក​លើបទពិសោធន៍របស់ ADB ក្នុងការគាំទ្រកម្មវិធីគ្រប់គ្រងជំងឺឆ្លង ហើយនឹងរួមបញ្ចូលមេរៀន​ពីការឆ្លើយតប និងការស្តារឡើងវិញរបស់​កម្ពុជាពីជំងឺរាតត្បាតកូវីដ១៩»៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: