Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីកសិកម្ម៖ គោលនយោបាយកសិកម្មទៅថ្ងៃមុខ មិនមែនឲ្យកសិផលឡើងថ្លៃទេ ប៉ុន្ដែឲ្យកសិករចំណេញកាន់តែច្រើន

    BY Khmerpress October 21, 2022
    រដ្ឋមន្ត្រីកសិកម្ម៖ គោលនយោបាយកសិកម្មទៅថ្ងៃមុខ មិនមែនឲ្យកសិផលឡើងថ្លៃទេ ប៉ុន្ដែឲ្យកសិករចំណេញកាន់តែច្រើន

    (កំពង់ចាម)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា អ្វីដែលជាគោលនយោបាយកសិកម្មនៅថ្ងៃខាងមុខ មិនមែនជំរុញឲ្យកសិផលឡើងថ្លៃនោះទេ ប៉ុន្ដែធ្វើឲ្យប្រជាកសិករចំណេញបានកាន់តែច្រើន។

    ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា អញ្ជើញចុះចែកពូជស្រូវ ជូនប្រជាកសិករដែលមានចំនួន៤៩៧គ្រួសារ ស្មើនឹងពូជស្រូវ៣៣តោន ស្ថិតក្នុងឃុំចំនួន៤ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។

    លោក ឌិត ទីណា បានលើកឡើងថា «អ្វីដែលខ្ញុំកំពុងគិតទៅថ្ងៃមុខ ដែលជាគោលនយោបាយកសិកម្ម គឺមិនមែនការជំរុញឲ្យឡើងថ្លៃកសិផល ហើយបង្កការលំបាកទៅមនុស្សជាច្រើនទៀត ដែលត្រូវការហូបចុកនោះទេ គឺធ្វើយ៉ាងណាឲ្យប្រជាកសិករ កាត់បន្ថយការចំណាយក្នុងការផលិត ដើម្បីទទួលបានការចំណេញកាន់តែច្រើន»។

    ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានប្រាប់ដល់ប្រជាកសិករ កុំឲ្យចាញ់បោកអ្នកនយោបាយបោកប្រាស់ ដែលប្រាប់ប្រជាកសិករ ថានឹងធ្វើឲ្យទំនិញប្រជាកសិផលឡើងថ្លៃ នៅពេលពួកគេមកជួបកសិករ ប៉ុន្តែដល់ពេលពួកគេទៅជួបកម្មករបែរជាសន្យាថានឹងធ្វើឲ្យទំនិញកសិផលចុះថោក ដែលនេះវាមិនអាចធ្វើបានទេ លុះត្រាតែអ្នកនយោបាយនោះ ចំណាយលុយខ្លួនឯង។

    លើសពីនោះទៀត ក្នុងនាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ចង់ឃើញបងប្អូនប្រជាកសិករអាចកាត់បន្ថយថ្លៃដើមនៃផលិត ដោយលោកបានអះអាងថា ចំណុចនេះក្រសួងកំពុងខិតខំធ្វើការងារជាមួយជំនាញ។

    សូមជម្រាបថា ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីប្រកាសឡើងកាន់តំណែងជារដ្ឋមន្ត្រីកសិកម្មថ្មី លោក ឌិត ទីណា បានបញ្ជាក់ថា ទស្សនវិស័យរបស់លោក គឺ​ដឹក​នាំ​វិស័យកសិកម្ម​កម្ពុជា​ឱ្យ​ក្លាយ​ទៅ​ជា «កសិកម្ម​ទំនើប»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: