Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន ជាង៨២ម៉ឺនដុល្លារ និង១,៦៥៥លានរៀល ក្នុងត្រីមាសទី៣ ឆ្នាំ២០២២

    BY Khmerpress October 22, 2022
    មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន ជាង៨២ម៉ឺនដុល្លារ និង១,៦៥៥លានរៀល ក្នុងត្រីមាសទី៣ ឆ្នាំ២០២២

    (ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២២ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគពីសប្បុរសជន ជាង៨២ម៉ឺនដុល្លារ និង១,៦៥៥លានរៀល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

    មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង នៅកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។

    សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ, ថវិកាបរិច្ចាគដែលមូលនិធិទទួលបានមានចំនួនសរុប ៨២៣ ៩៤៩ ដុល្លារអាមេរិក និង ១ ៦៥៥ ០២៤ ៨០០ រៀល គិតរួមទាំងថវិកាដែលសប្បុរសជនបានបរិច្ចាគ ដោយផ្ទាល់នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬគន្ធបុប្ផាសៀមរាប) ចំនួន ៤២៩ ៣០៩ ដុល្លារអាមេរិក»។

    ថវិកាទាំងនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជន ៣៦ ៦១៧ រូប ដែលរួមមានសមាជិកកិត្តិយស ៨ រូប, សមាជិកគាំទ្រ ៣០ ៧០៥ រូប, សប្បុរសជនផ្សេងៗ ៥ ៨៩៥ រូប, និងព្រមទាំងថវិកាបរិច្ចាគតាមហិបគោលដៅមួយចំនួនផងដែរ។

    មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពនៃការពិនិត្យ និងព្យាបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសាធារណជន, សប្បុរសជននៅតាមស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ ABA, ACLEDA, Canadia, Chip Mong, Wing, Sathapana, Vattanac, J Trust Royal, Cambodian Public, ARDB និង ភ្នាក់ងារ True Money ឬ តាមរយៈការធ្វើការទំនាក់ទំនងលេខទូរសព្ទ ០៦១ ៧០ ១១១១។

    សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: