Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ADB សន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀត លើ ៤៨០ លានដុល្លារ ដែលបានឯកភាព រួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤

    BY Khmerpress October 28, 2022
    ADB សន្យាផ្តល់ហិរញ្ញប្បទាន ៤០០ លានដុល្លារបន្ថែមទៀត លើ ៤៨០ លានដុល្លារ ដែលបានឯកភាព រួចហើយ សម្រាប់ឆ្នាំ២០២៣ និង២០២៤

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី​ប្រតិភូអមនា​យ​ករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២២នេះ បានទទួលជួប​ពិភាក្សាការងារជាមួយលោក Winfried F. Wicklein អ​គ្គ​នាយករងទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួ​ង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

    លោក Winfried F. Wicklein បានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​គ្រប់គ្រងសភាពការណ៍​កូវីដ-១៩ បានល្អប្រសើរ គួរជាទីកត់សម្គាល់របស់ពិភពលោក។ លោក​ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តជួយគាំទ្រដល់ការអភិវឌ្ឍ​កម្ពុជា ជាពិសេសការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឡើងវិញ នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសា​ស្រ្ត​ភាព​​ជាដៃគូឆ្នាំ២០២៤-២០២៨។ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ១០​០​ ប៊ីលានដុល្លារអាម៉េរិក ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់សម្រាប់ឆ្នាំ២០១៩-២០៣០។ ក្នុងទិសដៅនេះ, ADB បានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនក្នុងតំបន់ ក៏ដូចជាផ្តល់ការគាំទ្រដល់កម្ពុជាតាមរយៈយន្តការខាងលើនេះផងដែរ។ ADB នឹងបង្កើនកិច្ចប្រតិ​ប​ត្តិ​ការដើម្បី ជួយ​ដល់​វិស័យឯកជនថែមទៀត។

    ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែល​បានចូ​ល​រួម​ចំណែក​នៅក្នុងកិច្ចដំណើរការស្តារនិង​អភិវឌ្ឍកម្ពុជា ចាប់តាំងពីដើមទសវត្សឆ្នាំ៩០ រហូតម​ក​ទល់នឹងពេលនេះ ពិសេស​​​​​​​​​​​​​​​ការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំ​ងឺ​កូវីដ-១៩។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ADB គឺជាដៃគូដ៏សំខាន់និងជាទី​ទុកចិត្ត ហើយជាដៃគូ​អភិវឌ្ឍន៍ធំលំដាប់ទី២របស់កម្ពុជា និងស្ថិតនៅលំដាប់ទី១ ប្រសិនបើគិតជាស្ថាប័នហិរញ្ញវត្ថុ​ពហុភាគីវិញ។ កម្ពុជាពិតជាពេញចិត្ត ចំពោះ​​កិច្ច​​​សហប្រតិបត្តិការ និងភាពជាដៃគូ​កន្លង​មក។ ឯកឧត្តមក៏បានថ្លែងអំណរគុណជាពិសេសដល់ ADB ដែលបានវិភាជន៍នូវកញ្ចប់ហិរញ្ញប្បទានប្រមាណ ៤០០ លានដុល្លាអាម៉េរិក បន្ថែមពីលើកញ្ចប់ហិរញ្ញប្បទានដែលបានគ្រោងចំនួន ៤​៨​០ ដុល្លាអាម៉េរិក សម្រាប់ឆ្នាំ២០២៣ និង២០២៤។ ភាគីទាំងពីរនឹងពិភាក្សាលើបញ្ជីកម្មវិធី/គម្រោង តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយក្នុងពេលឆាប់ៗខាងមុខនេះ។

    ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍លើកឡើងផងដែរថា ក្រៅពីការទទួលបាននូវជោ​គ​ជ័យដ៏ធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាក៏បានគ្រប់គ្រង និ​ងដោះស្រាយផលប៉ះពាល់​អវិជ្ជមាន​ពីវិបត្តិនៃជំងឺនេះមកលើសង្គម-សេដ្ឋកិច្ចកម្ពុជាបានយ៉ា​ង​ល្អប្រសើរផងដែរ តាមរយៈការដាក់ចេញដោយទាន់ពេលវេលា និងអនុវត្តប្រកបដោយប្រ​សិ​ទ្ធ​ភាព នូវកញ្ចប់អន្តរាគមន៍ និងជំនួយសង្គមជាច្រើនដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ក៏​ដូចអាជីវកម្មដែលរងផលប៉ះពាល់ដោយវិបត្តិនេះ។ ជាក់ស្តែង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែ​ល​ជាជំនួយសង្គមសម្រាប់ជួយប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ត្រូវបានវាយតម្លៃដោយដៃ​គូអភិវឌ្ឍន៍ថា ពិតជាបានចូលរួមចំណែកលើកកម្ពស់ជីវភាព និងបញ្ចៀសពីការធ្លាក់ចូលទៅ​ក្នុងបញ្ហាអសន្តិសុខស្បៀង បំណុលវ័ណ្ឌក ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងជួយសម្រា​លបន្ទុកចំណាយ ពិសេសការចំណាយលើម្ហូបអាហារ ថ្នាំសង្កូវ និងការអប់រំ។ កម្មវិធីនេះក៏បា​នចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយកំណើនអត្រានិកម្មភាពផងដែរ។

    ក្រៅពីការផ្លាស់ប្តូរមតិលើស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលពិភពលោក, តំបន់ និងកម្ពុជាបាននិងកំពុងជួបប្រទះ ភាគីទាំងពីរក៏បានពិភាក្សាអំពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ ADB ផងដែរ ដែលតាមរយៈនេះ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់ ADB បន្តការគាំទ្រដល់គម្រោង/កម្មវិធី ក្នុងវិស័យអាទិភាពមួយចំនួន នៅក្នុងរយៈ​ពេលមធ្យម និងវែង មានជាអាទិ៍៖

    (១).ការកែទម្រង់រចនាសម្ព័ន្ធក្នុងវិស័យអាទិភាព និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និង​​កិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រ​កួ​តប្រជែង ផលិតភាព និង​ពិពិធកម្ម​​សេដ្ឋកិច្ច ព្រមទាំង​ដើម្បីអាចទាញយកប្រយោជន៍ពីកិច្ចព្រ​ម​ព្រៀងពាណិជ្ជកម្មសេរីនានា។

    (២).ការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុ​ខាភិបាល អប់រំ និងការអភិវឌ្ឍ​​ជំនាញ។

    (៣).ការលើកកម្ពស់កំណើនបៃតង (Green growth) ដើ​ម្បីឆ្លើយតបទៅនឹងការប្រែប្រួល​អាកាស​ធាតុ ផ្អែកលើអភិក្រមរក្សាតុល្យការ​​រវាង​កំណើនសេ​ដ្ឋ​កិច្ច និងតម្រូវការបៃតង។

    (៤).ការអភិវឌ្ឍវិស័យថាមពលដែលមានប្រសិទ្ធភាព ដោយមានការរៀបចំគោលនយោបាយ ផែនការ​វិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ដែលពុំធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពល និងភាពប្រកួត ប្រជែងរបស់​កម្ពុជា។

    (៥).ការអភិវឌ្ឍវិស័យ​ក​សិ​កម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង​ និងជំរុញការធ្វើ​ពាណិជ្ជូប​នីយកម្ម​ផង។

    (៦).ការអ​ភិ​​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេសលើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តក​ម្ម និងការគ្រប់គ្រង​សំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បា​ស់​លាស់ រួមទាំងការគិតគូរអំពី​យន្តការស្រង់ថ្លៃដើមថ្លៃ​វិនិយោគ (Cost recovery) និងនិរន្តរភា​ព​ប្រតិបត្តិការផងដែរ។

    (៧).ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិ​យោគសាងសង់ប្រព័ន្ធទំនប់ ស្ទាក់ទឹក អាងស្តុកទឹក ប្រឡាយ និងធារាសាស្រ្តស្របតាមផែ​ន​ការមេច្បាស់លាស់ ដើម្បីអាចដោះស្រាយ គ្រោះរំាងស្ងួតផង និងទប់ទល់គ្រោះទឹកជំនន់ផង ពោ​លគឺសំដៅធ្វើយ៉ាងណា​ឱ្យមាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់​​នៅក្នុងរដូវប្រាំង ហើយ​​មិន​មានការជន់​លិចដោយសារជំនន់ទឹកភ្លៀងនៅក្នុង​រដូវ​វស្សា។

    (៨).ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ដោយផ្តោតជាពិសេសលើវិស័យមូលបត្រ បច្ចេកវិទ្យាហិរ​ញ្ញវត្ថុ (Fintech) និងឌីជីថលូបនីយកម្ម ព្រមទាំ​ង​វិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្សេងៗទៀត។

    គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, ADB បានផ្តល់ហិរញ្ញប្បទាន​សហប្រតិបត្តិការ​​​ដល់​ប្រទេស​កម្ពុជា​ សម្រាប់​ហិរញ្ញប្បទាន​គ​ម្រោ​ង​​អភិវឌ្ឍន៍​​​ចំនួន ១៨៩ ដែលមានទឹកប្រាក់សរុបប្រមាណ ៤,៤១០ ប៊ី​លានដុល្លារ​អាម៉េរិក​ ដែ​ល​​​ក្នុង​នោះ ៖(១).ឥណទានសម្បទានប្រមាណ ៣​ ៨៨៧ លានដុល្លារ​អាម៉េរិក សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន ១២៤ ក្នុងនោះគម្រោងចំនួន ៨៣ បានបញ្ចប់ និងគម្រោងចំនួន ៤១ កំពុងដំ​ណើរការ និង (២).ហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៥២៣ លានដុល្លារ​អាម៉េរិក ស​ម្រា​ប់ហិរញ្ញប្បទានគម្រោងចំនួន ៦៥ ក្នុងនោះគម្រោងចំនួន ៤១ បានបញ្ចប់ និងគម្រោងចំនួ​ន​ ២៤ កំពុងដំណើរការ។

    ហិរញ្ញប្បទានសហប្រតិបត្តិការទាំងនេះ បានប្រើប្រាស់សម្រាប់ធ្វើកា​រវិនិយោគទៅលើវិស័យអាទិភាព​ចាំបាច់​នានា ដូចជា៖ វិស័យកសិកម្ម និងធនធានធម្មជាតិ, ទឹក​ស្អាត, ហេដ្ឋារចនាសម្ព័ន្ធក្រុង, ​គមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម និងពា​ណិ​​ជ្ជកម្ម, ហិរញ្ញវត្ថុ, ការគ្រប់គ្រងសាធារណៈ,​អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងសុខាភិបាល ព្រមទាំងវិស័យថាមពល និងពហុវិស័យ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: