Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេច ហ៊ុន សែន អំពាវនាវយោគយល់ពីសំណាក់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ព្រោះប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការបិទផ្លូវច្រើនដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន

    BY Khmerpress November 1, 2022
    សម្ដេច ហ៊ុន សែន អំពាវនាវយោគយល់ពីសំណាក់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ព្រោះប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការបិទផ្លូវច្រើនដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវសុំការយោគយល់ពីសំណាក់ពលរដ្ឋក្នុងទីក្រុងភ្នំពេញ ព្រោះប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានការបិទផ្លូវច្រើនដើម្បីរៀបចំកិច្ចប្រជុំអាស៊ាន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា “សូមអំពាវនាវ និងសុំអភ័យទោសទុកជាមុនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រជាជននៅទីក្រុងភ្នំពេញអាចជួបការលំបាកបន្តិច ព្រោះយើងរៀបចំផ្លូវ ដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ អ៊ីចឹងក៏សូមអភ័យទោសទុកជាមុនសម្រាប់ប្រជាពលរដ្ឋរបស់យើង។ យើងធានាសុវត្ថិភាពយ៉ាងណា ដើម្បីកុំឱ្យស្ទះចរាចរណ៍ ឬបង្ករហូតដល់ឱ្យមានបញ្ហាជាមួយនឹងភ្ញៀវរបស់យើង ដូច្នេះផ្លូវមួយចំនួនប្រាកដជាត្រូវបិទ ឬក៏បិទមិនមែនត្រូវបិទទាំងស្រុងនោះទេ គឺថាពេលណាដែលភ្ញៀវចេញគឺយើងចាប់ផ្ដើមបិទ ឱ្យភ្ញៀវធ្វើដំណើរ។”

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា៖ “សម្តេចសូមធ្វើការអភ័យទោសទុកជាមុនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងភ្នំពេញ ប្រសិនបើមានការចេញទៅលេង ក៏ទៅតាមខេត្ត ហើយនៅភ្នំពេញមិនមែនយើងហាមឃាត់លើផ្លូវទាំងអស់នោះទេ ប៉ុន្តែនឹងត្រូវមានការបិទផ្លូវច្រើនកន្លែង ហើយខ្ញុំ នឹងរៀបចំខោអាវប៉ុណ្ណាកំផ្លេមកនៅអូតែលសុខា ព្រោះបើមិនអ៊ីចឹងទេ គេបិទផ្លូវពេញនឹង យ៉ាងហោចណាស់ក៏ត្រូវសម្រាន្តនៅអូតែលសុខា ២យប់ដែរ” ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: