Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសរដ្ឋមន្ត្រី គន់ គីម៖ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ បង្កើតកងរុករក សង្គ្រោះក្នុងសមុទ្រ និងទន្លេ

    BY Khmerpress November 1, 2022
    ទេសរដ្ឋមន្ត្រី គន់ គីម៖ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ បង្កើតកងរុករក សង្គ្រោះក្នុងសមុទ្រ និងទន្លេ

    (ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជិត ៥០ម៉ឺនដុល្លារ ដើម្បីបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរ។

    គម្រោងនៃការបង្កើតកងរុករក និងសង្គ្រោះជនរងគ្រោះលិចលង់ក្នុងសមុទ្រ ទន្លេ ឬបឹងបួរនេះ ដើម្បីបង្កើនសកម្មភាពប្រតិបត្តិការជួយសង្គ្រោះលើផ្ទៃទឹកឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

    ប្រាប់ក្រុមអ្នកព័ត៌មាន​ក្នុងឱកាសអញ្ជើញប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ ​នៅ​មជ្ឈមណ្ឌល​សន្និបាតកោះពេជ្រ, ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានសុំការអនុញ្ញាតពីសម្តេចតេជោ ធ្វើការអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមចំណែកដោះស្រាយពង្រឹងកងប្រតិបត្តិការជួយសង្គ្រោះប្រជាជន។ ថ្ងៃនេះយើងបានឃើញហើយថា មានសប្បុរសជនបានចូលរួមយ៉ាងសកម្ម គឺបានជាង ២០ម៉ឺនដុល្លារហើយ»។

    លោកទេសរដ្ឋមន្ត្រីបន្តថា «កងប្រតិបត្តិគ្រោងបង្កើតថ្មីមួយទៀត ដែលជាកងរុករកនៅសមុទ្រ ទន្លេ និងបឹងជាដើម។ កងប្រតិបត្តិការថ្មីនេះ តាមគម្រោងយើងត្រូវការថវិការហូតដល់ជិត ៥០ម៉ឺនដុល្លារ ដើម្បីឱ្យកងពលអន្តរាគមន៍ នៃក្រសួងការពារជាតិ អាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះបម្រើប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី»។

    លោកទេសរដ្ឋមន្ត្រី លើកឡើងថា សម្រាប់កម្ពុជាស្ទើរ​ជា​រៀងរាល់ឆ្នាំ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ រាំងស្ងួត ​ខ្យល់កន្ត្រាក់ ​រន្ទះបាញ់ បាក់ច្រាំង​ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទេសរដ្ឋមន្រ្តី បានបន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់​ការបាន​លើ​គ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។

    សូមបញ្ជាក់ថា កងប្រតិបត្តិការរុករកលើផ្ទៃទឹក នាពេលបច្ចុប្បន្ននេះមានតែនៅកងទ័ពពិសេស៩១១ប៉ុណ្ណោះ។ កាលពីពេលកន្លងទៅកងប្រតិបត្តិការនេះ បានចុះជួយរុករកក្មេងដែលលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: