Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    FDA របស់ប្រទេសថៃ បានព្រមានឱ្យមានការប្រុងប្រយ័ត្នលើអាហារសមុទ្រមកពីចិន បន្ទាប់ពីរកឃើញមានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មលើសកម្រិត

    BY Khmerpress November 3, 2022
    FDA របស់ប្រទេសថៃ បានព្រមានឱ្យមានការប្រុងប្រយ័ត្នលើអាហារសមុទ្រមកពីចិន បន្ទាប់ពីរកឃើញមានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មលើសកម្រិត

    រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA) បានព្រមានប្រជាជនរបស់ខ្លួន ឱ្យពិនិត្យមើលកញ្ចប់អាហារសមុទ្រដោយប្រុងប្រយ័ត្ន បន្ទាប់ពីមឹកដែលនាំចូលពីប្រទេសចិនត្រូវបានរកឃើញថា មានផ្ទុកសារធាតុកាត់​មី​ញ៉ូ​ម (Cadmium) លើសពីស្តង់ដារសុវត្ថិភាព។ សេចក្តីប្រកាសរបស់ FDA បានធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីការត្រួតពិនិត្យដោយចៃដន្យនៅប៉ុស្តិ៍ត្រួតពិនិត្យអាហារ និងឱសថ Lat Krabang ក្នុងខែឧសភាឆ្នាំនេះ។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានរកឃើញកញ្ចប់នៃមឹកកកដែលនាំចូលពីប្រទេសចិន មានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មប្រមាណ ៣.២៧ មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដារសុវត្ថិភាពដែលតម្រូវឱ្យមានតិចជាង ២ មីលីក្រាម ក្នុងមួយគីឡូក្រាម។

    FDA បាននិយាយថា អាហារសមុទ្រនេះត្រូវបានផលិតដោយក្រុមហ៊ុន Fujian Minwell Food Industrial Ltd នៅក្នុងប្រទេសចិន ហើយត្រូវបាននាំចូលដោយក្រុមហ៊ុន M Global Sourcing ដែលមានមូលដ្ឋាននៅក្នុងខេត្ត Samut Sakhon របស់ប្រទេសថៃ។ កញ្ចប់មឹក ​១ ​គីឡូក្រាម ដែលមានបញ្ហាមួយនោះ​ ផលិត​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​នេះ ហើយ​មាន​កាល​បរិច្ឆេទ​ផុត​កំណត់​ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះបើយោង​តាម FDA។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានធ្វើការចោទប្រកាន់លើអ្នកនាំចូលពីបទបំពានច្បាប់ចំណីអាហារឆ្នាំ១៩៧៩ ដែលចែងថា ការនាំចូលអាហារដែលមានមេរោគសម្រាប់លក់ នឹងត្រូវផាកពិន័យជាអតិបរមា ៥០,០០០ បាត (១,៣២១ដុល្លារ) ឬដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ឬទាំងពីរ។ FDA បានព្រមានប្រជាជនឱ្យពិនិត្យមើលកញ្ចប់អាហារសមុទ្រកក និងជៀសវាងការទិញផលិតផល ដែលផលិតដោយក្រុមហ៊ុនចិន។

    គួរឱ្យដឹងដែរថា សារធាតុកាត់​មី​ញ៉ូ​ម គឺជាធាតុគីមីដែលអាចបង្កឱ្យមានការពុលស្រួចស្រាវ ឬរ៉ាំរ៉ៃ ប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើនពេកតាមរយៈអាហារ នេះបើយោងតាមវិទ្យាស្ថានអាហារជាតិរបស់ថៃ។ រោគសញ្ញានៃការពុលស្រួចស្រាវរួមមាន៖ ចង្អោរ ក្អួត រាគ ឈឺក្បាល ឈឺសាច់ដុំ ឈឺពោះ ញាក់ ឬខូចថ្លើម និងតម្រងនោម។ រោគសញ្ញារ៉ាំរ៉ៃរួមមាន៖ បាត់បង់ក្លិន ស្រកទម្ងន់ ស្លេកស្លាំង ពិបាកដកដង្ហើម ធ្មេញលឿង ឬខូចថ្លើម និងតម្រងនោម៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: