អាជ្ញាធរជាតិអប្សរា ប្រាប់ពីមូលហេតុស្លាប់ត្រីអារ៉ាប៉ៃម៉ា (Arapaima) ដែលប្រទះឃើញក្នុងកសិន្ទុប្រាសាទអង្គរវត្ត
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យបានជ្រាបថា៖ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៣៖៤០នាទី ក្រុមការងារសំអាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapaima) ប្រវែង២.១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់ អាម៉ាហ្សូននៅអាមេរិចខាងត្បូង បានស្លាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។
ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើងនៃកសិន្ទុប្រាសាទអង្គរវត្ត។ តាមសេចក្ដីសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ត្រីនេះស្លាប់ដោយធម្មជាតិ ព្រោះពុំមានស្លាកស្នាមរិតរួតនៃមង ឬប្រការអ្វីឡើយ។ ត្រីស្លាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារ ហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់បានចេញសេចក្ដីប្រកាសណែនាំ ហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែលពុំមែនជាប្រភេទត្រីក្នុងស្រុក ពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា


