Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះចៅស៊ុលតង់ ស្នើរដ្ឋមន្ត្រីកសិកម្មប្រទេសទាំងពីរព្រុយណេ-កម្ពុជា សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ

    BY Khmerpress November 14, 2022
    ព្រះចៅស៊ុលតង់ ស្នើរដ្ឋមន្ត្រីកសិកម្មប្រទេសទាំងពីរព្រុយណេ-កម្ពុជា សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នោះ ព្រះចៅស៊ុលតង់ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានស្នើឱ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស(កម្ពុជា និងព្រុយណេ) សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។

    ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបរបស់សម្ដេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDINWADDAULAH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងខណៈដែលព្រះអង្គយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

    ក្នុងជំនួបនោះ ព្រះចៅស៊ុលតង់ បានសម្ដែងនូវព្រះរាជអំណរសាទរជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានយ៉ាល្អ និងជោគជ័យ។ ព្រះអង្គក៏បានសម្ដែងនូវការសព្វព្រះរាជ ហឬទ័យ ចំពោះការទទួលព្រះរាជដំណើររបស់ព្រះអង្គ យាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងព្រះរាជដំណើរយាងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ព្រះអង្គទ្រង់ក៏បានសម្ដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រទាំងពីរ កិច្ចសហប្រតិបត្តិការរវាព្រះរាជាណាចក្រទាំងពីរ ហើយក៏បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យបន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឱ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នាលើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ។

    ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអណរគុណព្រះគុណ ថ្វាយព្រះចៅស៊ុលតង់ ដែលទ្រង់បានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងយាងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់ ដែលញ៉ាំងឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ក្នុងឱកាសនោះដែរ សម្ដេចតេជោបានគោរពថ្លែងអំណរ គុណជូនដល់ព្រះចៅស៊ុលតង់ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ។

    គួរបញ្ជាក់ដែរថា តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះចៅស៊ុលតង់ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍(His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDINWADDAULAH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។ ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាមនឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

    ក្នុងអំឡុងពេលបំពេញព្រះរាជទស្សនកិច្ចនៅពញរះរាជាណាចក្រកម្ពុជានេះដែរ ព្រះចៅស៊ុលតង់ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាង/អញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។

    ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ហាជីហាសសាណាល់បុលគីយ៉ាស់មុយអ៊ីហ្សាឌីនវ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ប្រព្រឹត្តទៅស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត នៅក្នុងឆ្នាំនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: