Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាដណ្ដើមបានមេដាយមាសច្រើនជាងគេ នៃការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ នៅថៃ, លោក សុខ សូកាន ចាត់ទុកថា នេះជាជាសមត្ថភាពដ៏ប៉ិនប្រសព្វរបស់កីឡាករ

    BY Khmerpress November 15, 2022
    កម្ពុជាដណ្ដើមបានមេដាយមាសច្រើនជាងគេ នៃការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ នៅថៃ, លោក សុខ សូកាន ចាត់ទុកថា នេះជាជាសមត្ថភាពដ៏ប៉ិនប្រសព្វរបស់កីឡាករ

    (ភ្នំពេញ)៖ កីឡាប៉េតង់កម្ពុជា បានកើនមេដាយរហូតដល់ ៣៩៤គ្រឿង ពីការប្រកួតលើឆាកអន្ដរជាតិ បន្ទាប់ពីដណ្ដើមបានមេដាយ ៧គ្រឿងបន្ថែមទៀត ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ នៅប្រទេសថៃ កាលពីថ្ងៃទី១០-១៤ ខែវិច្ឆិកាកន្លងទៅ ដែលមានអត្តពលិកចូលរួមចំនួន ១៥ប្រទេស ក្នុងនោះកម្ពុជា បានឈ្នះមេដាយមាសច្រើនជាងគេចំនួន ៣គ្រឿង ក្នុងចំណោម ៦វិញ្ញាសា នៃការប្រកួតក្របខណ្ឌអាស៊ីនេះ ។

    ដើម្បីជាការលើកទឹកចិត្តនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៃការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យ គួរជាទីមោទកភាពរបស់ក្រុមប្រតិភូកីឡាករ កីឡាការិនីប៉េតង់កម្ពុជា ពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ។

    លោកបានលើកឡើងថានេះ ជាលើកទី៤ហើយ ដែលកម្ពុជាបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី ហើយកម្ពុជាជាប្រទេសដែលទទួលបានមេដាយច្រើនជាងគេក្នុងចំណោមប្រទេសទាំង១៥ ដែលបានចូលរួមប្រកួត។ កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី រួមមាន៖ ឈុតធំបុរសចំនួន២ក្រុម ឈុតធំនារីចំនួន១ក្រុម យុវជនអាយុក្រោម១៨ឆ្នាំចំនួន២ក្រុម។ ជាលទ្ធផលក្នុងការប្រកួតលើ៦វិញ្ញាសា កម្ពុជាទទួលបាន៖ មេដាយមាស៣ គ្រឿង (វិញ្ញាសាបុរសវាយយកពិន្ទុ, បុរស៣ ទល់៣ (A) និងយុវជនវាយយកពិន្ទុអាយុក្រោម ១៨ឆ្នាំ) មេដាយប្រាក់២ គ្រឿង (វិញ្ញាសា នារីវាយយកពិន្ទុ និងនារី ៣ទល់៣) មេដាយ សំរឹទ្ធិ២ គ្រឿង (យុវជន៣ទល់៣អាយុក្រោម១៨ឆ្នាំ (B) និងបុរស៣ទល់៣ (B) និងយុវជន៣ ទល់៣អាយុក្រោម១៨ឆ្នាំ ទទួលបានពានរង្វាន់សមាគម( Nation cup) មួយទៀត ដែលធ្វើឱ្យកម្ពុជាទទួលបានមេដាយគ្រប់វិញ្ញាសាទាំងអស់។

    លោក សុខ សូកាន បានគូសបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ កីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលបានមេដាយសរុបចំនួន ៣៩៤គ្រឿង (រយៈពេល ៣០ឆ្នាំ នៃការកកើតសហព័ន្ធ) ហើយសមិទ្ធផលនេះបានសបញ្ជាក់ពីសមត្ថភាពដ៏ប៉ិនប្រសព្វ និងកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនី ព្រមទាំងការយកចិត្តទុកដាក់ទៅលើការបង្ហាត់បង្រៀនផ្ដល់ទាំងបច្ចេកទេសរបស់លោកគ្រូ អ្នកគ្រូ និងការជ្រើសរើសកីឡាករ កីឡាការិនីទៅប្រកួតតំណាង ប្រទេសជាតិ តាមរយៈការអនុវត្តតម្លាភាពទាំង៤ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា»។

    ថ្លែងនៅក្នុងឱកាសនេះ លោក សុខ សូកាន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលតែងយកចិត្តទុក ដាក់គាំទ្រដល់វិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏ដូចជាកីឡាទាំងអស់ឱ្យកាន់តែមានភាពរីកចម្រើននិងទទួលបានជោគជ័យជាច្រើនជូនប្រទេសជាតិ។

    ក្នុងនាមសហ័ព្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក សុខ សូកាន មានសុទិដ្ឋិនិយម មានទំនុកចិត្តខ្ពស់លើកីឡាករ កីឡាការិនីកម្ពុជា និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំជំរុញ និងគាំទ្រហ្វឹកហាត់កីឡាករ កីឡាការិនីយើងបន្ថែមទៀត ដើម្បីរក្សាកត្តិយនាមប្រទសកម្ពុជាក្នុងនាមជាមហាអំណាចក្នុងកីឡាប៉េតង់នេះ។

    ទន្ទឹមនឹងនេះ លោកបានលើកឡើងថា «សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធនាការ #BeyondTheGames ដែលមានមូលបទថា បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការសាទរកម្ពុជាដែលត្រៀមនឹងរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣។ យុទ្ធនាការនេះសបញ្ជាក់ថា លើសពីការប្រកួតយកឈ្នះចាញ់ ការដណ្ដើមយកមេដាសយ ក្នុងនាមយើងជាខ្មែរ ត្រូវចូលរួមគាំទ្រ និងលើកទឹកចិត្ត កោតសសើរដល់ការខិតខំប្រឹងប្រែង ការតស៊ូព្យាយាមដល់កីឡាករ កីឡាការិនីរបស់យើងដែលខិតខំចំណាយ ពេលស្ទើរពេញមួយជីវិតរបស់គាត់ក្នុងវិស័យកីឡា ដើម្បីជាចំណែកមួយនៃការលើកមុខមាត់ និងកេរិ៍្តឈ្មោះប្រទេសជាតិ»។

    លោកក៏បានបញ្ជាក់ផងដែរថា នៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នឹងរៀបចំ ការប្រកួតពានគរុគុណដែលជាការរំលឹកដល់គុណូបការៈរបស់ថ្នាក់ដឹកនាំស្ថាបនិកសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺសម្ដេចវិបុលបញ្ញា សុខ អាន និងសម្ដេចក្រឡាហោម ស ខេង ព្រមជាមួយការអបអរដល់ខួប៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: