អបអរសាទរ នៅមុននេះបន្តិច! «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ក្នុងកិច្ចប្រជុំលើកទី១៧ នៅប្រទេសម៉ារ៉ុក
(ភ្នំពេញ)៖ នៅទីបំផុត គុនល្បុកតោ ឬសិល្បៈនៃក្បាច់គុនកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេសម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

គុនល្បុកតោ ឬ ជាអក្សរឡាតាំង Kun Bokator, Bokator គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ។
ល្បុក្កតោត្រូវបានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោជាក្បាច់គុនដែលប្រើកែង ជង្គង់ ស្នងជើង ដៃ ជើង និងក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង ម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបក្ខបាន។ អាវុធដំបងឫស្សី និង ដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ផងដែរ។
កម្ពុជា បានដាក់បញ្ចូលសម្បតិ្តបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូចំនួន៨រួចមកហើយ ក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនខោល ល្ខោនស្បែកធំ ចាប៉ីដងវែង និងល្បែងទាញព្រ័ត្រ៕





